ភ្នំពេញ ៖ មុនពេលចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី២) លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកនូវសារសួរសុខទុក្ខ ក៏ដូចជាការជូនពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បេក្ខជន ដែលកំពុងចូលរួមប្រឡងប្រជែងទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា “សូមឱ្យបេក្ខជន និងអាណាព្យាបាលទាំងអស់ជឿជាក់លើប្រព័ន្ធរៀបចំការប្រឡងរបស់យើងនេះ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសស្មើៗគ្នា និងឱកាសច្រើនដង ទៅដល់យុវជនរបស់យើងមានឱកាសប្រឡងប្រជែង ដែលឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។”
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា “ការប្រឡងប្រជែងនេះ ជាផ្នែកមួយនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ឆ្ពោះទៅការរៀបចំរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ។”
ដោយ ៖ សិលា