ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA»

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះសារលើផេកផ្លូវការថា ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA»។

សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ 

ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ 

ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។

ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។

ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖

ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ 

ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។

ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកន្លងទៅ និង សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ល្មមឱ្យបងប្អូនយល់ និង ចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។ ខ្ញុំសូមទទូចដល់បងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌ និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល ក៏ដូចជាបញ្ឈប់ការចូលរួមធ្វើសកម្មភាពខុសច្បាប់នានាដើម្បីបំពេញមហិច្ឆតាដ៏ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។ 

ទាំងនេះ ពុំមែនជាសេរីភាពបញ្ចេញមតិដែលច្បាប់ការពារនោះទេ គឺជាជំហានហួសបន្ទាត់ក្រហម ដែលជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។ សូមបងប្អូន កុំលង់ខ្លួនក្លាយទៅជា«តេឡេ» សម្រាប់គេចុចបញ្ជាឱ្យធ្វើអ្វី«ចំអែតតណ្ហា»របស់ពួកគេ។ សូមបងប្អូនទទួលនូវការស្រឡាញ់រាប់អានដោយស្មោះពីខ្ញុំ! ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖