ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូZoomerបើកជែងរថយន្តបណ្ដាលឱ្យបុកម៉ូតូនៅខាងមុខរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនកម្មកររោងចក្រកាត់ដេរម្នាក់ បើកម៉ូតូZoomerបោះពួយយ៉ាងលឿន វ៉ាជែងរថយន្តនៅខាងមុខមិនផុត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀត ពេញមួយទំហឹង ដែលធ្វើដំណើរច្រាសទិសគ្នា រងរបួសធ្ងន់ទាំងសងខាងចំនួន០៣នាក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ១២១០ ស្ថិតលើស្ពានកំពង់ស្វាយ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង  ខេត្តកណ្តាល។ 

     មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្ករម៉ាកHONDA Zoomer (ហ្សូមើរ)ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FZ-3220 បើកបរដោយឈ្មោះ ហ៊ី សៀកហេង ភេទប្រុស  អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសធ្ងន់)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកHonda Beat(ប៊ីត) ពណ៌ស ពាក់ស្លាកលេខកណ្ដាល1AE- 0409 បើកបរដោយឈ្មោះ កែម ស្រីពេជ្រ  ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ ជ័យ សុខចាន់ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅជាមួយគ្នា។

    ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ​ខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកHonda Beat(ប៊ីត) ពណ៌ស ពាក់ស្លាកលេខកណ្ដាល1AE 0409 បើកបរដោយឈ្មោះ កែម ស្រីពេជ្រ  ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង និងអ្នករួមដំណើរឈ្មោះ ជ័យ សុខចាន់ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅជាមួយអ្នកបើកបរ បានបើកបរក្នុងទិសដៅពីរជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿង ម៉ាកHONDA Zoomer (ហ្សូមើរ)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-3220 បើកបរដោយឈ្មោះ ហ៊ី សៀកហេង ភេទប្រុស  អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ(មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង  ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើងហើយបានវ៉ារថយន្តនៅខាងមុខហើយក៏បានមកបុកជាមួយម៉ូតូBeat(ប៊ីត)បណ្ដាលឲ្យដួលម៉ូតូទាំងពីរ ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង០២ និងអ្នករួមដំណើរ រងរបួសធ្ងន់ ទាំងបីនាក់ 

     ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

ចំណែកអ្នករបួសទាំងបីនាក់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ រៀងៗខ្លួន។

       ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​

+អ្នកបើកបរម៉ូតូម៉ាកHonda Zoomer បើកបរវ៉ាររថយន្ត មានការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖