ភ្នំពេញ ៖ ញត្តិគាំទ្រ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះ សារពិសេស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ – ដោយបាន ពន្យល់បន្ថែមអំពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅ ជាមួយទស្សនវិស័យវែងឆ្ងាយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាជន ពិសេសខេត្តជាប់ព្រំដែន សំដៅធ្វើយ៉ាង ណាឲ្យតំបន់ទាំងនេះ ក្លាយទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ប្រកបដោយភាតរភាព។
ជាមួយគ្នានេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ ពិសេសការធ្វើសកម្មភាពផ្សព្វផ្សាយផ្ទុយស្រឡះពីសច្ចភាព ប្រកបដោយ ចរិតបំភ្លៃ បំផ្លើស និងបំផ្លាញ ដោយបានបោកប្រាស់គ្រប់រូបភាព ដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស ក្នុងចេតនាផ្ដួលរលំ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សកម្មភាពចោទប្រកាន់ទាំងបំពាន បង្កប់ដោយចេតនា អគតិ របស់ក្រុមឧទ្ទាមក្រៅច្បាប់ មួយក្រុមតូចនេះ មិនមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ តែផ្ទុយ ទៅវិញ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងជាការបំពានដ៏ងងើលបំផុត ដែលបង្កនូវការភ័យខ្លាច ទៅដល់ប្រជាពលរដ្ឋ ដោយបានញុះញង់ឱ្យមានការ បែកបាក់សាមគ្គីភាព បង្កភាពចលាចលដល់សន្តិសុខ និងបំផ្លាញនូវសេចក្តីសុខសាន្ត នៅក្នុងសង្គមកម្ពុជា ។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមប្រកាសគាំទ្រយ៉ាងមុតមាំ នូវរាល់វិធានការចាំបាច់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយម និងសូមធ្វើការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ព្រមទាំងតុលាការគ្រប់ជាន់ថ្នាក់ ធ្វើការចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជា ទីបំផុត ដោយគ្មានការយោគយល់ លើក្រុមឧទ្ទាមក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេស និងរាល់បុគ្គលល្មើស ដែលពាក់ព័ន្ធ ដើម្បីការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា