តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចបណ្តេញនាយករដ្ឋមន្ត្រី ស្រេតថាថាវីស៊ីន នៅថ្ងៃទី១៤ ខែសីហា ពីបទតែងតាំងរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពន្ធនាគារ។
ចំណាត់ការនេះបានធ្វើឡើងតិចជាងមួយឆ្នាំបន្ទាប់ពីលោក ស្រេតថាឡើងកាន់អំណាច ដោយបង្ខំឱ្យសភាថៃជួបប្រជុំគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងបង្កឱ្យមានការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបានជាច្រើននៅក្នុងឆាកនយោបាយរបស់ប្រទេស។
ការសម្រេចចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រកាសសាលក្រមរំលាយបក្ស Move For«ward។
កាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូបដែលមានបំណងចង់ឱ្យពិចារណាដកតំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថាការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តីរបស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។
លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៉ីណាវ៉ាត់ ហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា បន្ទាប់ពីការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣។
នៅបន្ទាប់ពីការដកតំណែងលោក សេដ្ឋា គណៈរដ្ឋមន្ត្រីថៃសព្វថ្ងៃ នឹងកា្លយជាគណៈរដ្ឋមន្ត្រីចាំផ្ទះ ដោយមានរដ្ឋមន្ត្រីពាណិជ្ជកម្មនិងជាឧបនាយករដ្ឋមន្ត្រី លោក Phumtham Wechayachai កាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី។ បន្ទាប់មកទៀត គណបក្សក្នុងក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ នឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន ហើយប្រធានរដ្ឋសភានឹងកោះប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ មិនមាននីតិវិធី ឬក្រិត្យក្រមណាមួយកំណត់ជាក់លាក់ថាតើសភាត្រូវកោះប្រជុំ ដើម្បីបោះឆ្នោតនៅពេលណានោះទេ។
បើយោងតាមរដ្ឋធម្មនុញ្ញថៃ បេក្ខជនទាំងអស់ត្រូវតែជាអ្នកដែលធ្លាប់ត្រូវបានគណបក្សនយោបាយតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ ពួកគេ ក៏ត្រូវតែមកពីគណបក្សដែលមានសមាជិកសភារបស់ខ្លួន ២៥រូប ឬទទួលបានអាសនៈ ៥ភាគរយ នៃអាសនៈរដ្ឋសភាសរុប។ បេក្ខជនដែលចង់ឈ្នះក្នុងការប្រកួតប្រជែង ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រភាគច្រើន យ៉ាងតិច ២៥១សំឡេងពីសមាជិករដ្ឋសភាទាំង៥០០រូប។
ក្នុងពេលបច្ចុប្បន្ន គណបក្សនយោបាយថៃដែលបំពេញតាមគ្រប់លក្ខខណ្ឌទាំងនេះ មានចំនួន ៦ គឺអតីតគណបក្ស Move Forward ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាគណបក្សប្រជាជន (People’s Party) (មាន១៥១អាសនៈ) Pheu Thai (មាន១៤១អាសនៈ), Bhumjaithai (៧១អាសនៈ) Palang Pracharath (៤០អាសនៈ) United Thai Nation (៣៦អាសនៈ) និងគណបក្ស Democrat Party (២៥អាសនៈ)។ នៅក្នុងជួររដ្ឋាភិបាលចម្រុះ Pheu Thai មានបេក្ខជននាយករដ្ឋមន្ត្រី ដូចជាលោក សេដ្ឋា អ្នកស្រី Paetongtarn និងលោក Chaikasem ខណៈគណបក្ស Bhumjaithai មានបេក្ខជន នាយករដ្ឋមន្ត្រីតែម្នាក់គត់ គឺលោក Anutin Charnvirakul ជាមេដឹកនាំគណបក្សតែម្តង។ បេក្ខជនមកពីគណបក្ស Palang Pracharath គឺមេដឹកនាំបក្ស លោក Prawit Wongsuwan ហើយបេក្ខជន របស់គណបក្ស United Thai Nation គឺអតីតនាយករដ្ឋមន្ត្រីថៃ លោក Prayut និងមេដឹកនាំបក្ស លោក Salirathavibhaga។ តែលោក Prayut បានចូលនិវត្តន៍ពីនយោបាយទៅហើយ និងបាន ក្លាយជាសមាជិកមួយរូបនៃឧត្តមប្រឹក្សាព្រះមហាក្សត្រ៕ ដោយ៖ ធីរីណា
រូបថត៖ AFP