ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការកង្វល់អំពីទឹកដី និងជាតិរបស់យើង គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា មិនថាមន្រ្តីរាជការ ប្រជាពលរដ្ឋ ឬអ្នកមាននិន្នាការបែបណានោះទេ ដូច្នេះការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរ គឺជាការចាំបាច់ដែលខ្មែរគ្រប់ជំនាន់ត្រូវធ្វើ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិកុំឱ្យមានការបែកបាក់ ព្រោះចំណុចនេះហើយដែលជាមូលដ្ឋានកុំឱ្យយើងមានការបែកបាក់និងបាត់បង់ដែលមិនត្រឹមតែបាត់ទឹកដីប៉ុណ្ណោះ ប៉ុន្តែថែមទាំងបាត់បង់ជីវិតមនុស្ស ស្លាប់បាត់បង់ជីវិត រត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្រ្គាម បាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាយើង ធ្លាប់បានឆ្លងកាត់រួចហើយនូវការបែកបាក់គ្នា បាត់បង់ឯកភាពជាតិ ឯកភាពទឹកដី និងការចែកតំបន់គ្នាកាន់កាប់ ដែលចំណុចទាំងអស់នេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាយើងធ្លាក់ចុះខ្សោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តផ្ដោតលើអាទិភាព ចម្បងៗ ជាពិសេសការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដូចជា ៖ (១). ផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត, (២). គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ, (៣). មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍, (៤). គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និង កុមារ គ្មាន អំពើហិង្សាក្នុងគ្រួសារ និង គ្មានក្មេងទំនើង, (៥). ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព, (៦). មាន អនាម័យ មានសោភ័ណភាពល្អ និង មានបរិស្ថានល្អ, (៧). ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៕
ដោយ ៖ សិលា