ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ «អ្វីដែលកំណត់មាគ៌ាជីវិតឱ្យជោគជ័យ គឺការខិតខំប្រឹងប្រែងរបស់យើង ជាមួយបរិយាកាសដែលអំណោយផល»

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី និងអភិរក្ស ចំនួន៣៧៧រូប នៅសាកលវិទ្យាល័យអន្តរជាតិ នាព្រឹកនេះ។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។ 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ៖ […] ភាពជោគជ័យ ថ្ងៃនេះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់យើងកន្លងមក។ សូមជឿជាក់ថា ខ្លួនយើងអាចធ្វើបាន។ កាលពីដំបូង យើងអាចមានមន្ទិលលើខ្លួនឯងថា តើយើងអាចធ្វើបានដែរឬទេ? តែពេលនេះ អ្នកទាំងអស់គ្នានៅទីនេះ អាចធ្វើបាន ហើយក្លាយជាជ័យលាភីក្នុងការទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យអន្តរជាតិ តាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនឯង ជាមួយបរិយាកាសអំណោយផលនៃកត្តាសង្គម សេដ្ឋកិច្ច និងសន្តិភាព។ កត្តាទាំងនេះបានផ្តល់ឱកាសឱ្យអ្នកទាំងអស់គ្នា បានសិក្សា រៀនសូត្រ និងឈានទៅចាប់អាជីពការងារតាមក្តីស្រមៃរបស់ខ្លួន និងក្រុមគ្រួសារ។ 

 លោកថា ៖ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន និងកំពុងប្រឹងប្រែងដូចគ្នាក្នុងការរៀបចំបរិយាកាសកាន់តែប្រសើរបន្ថែមទៀត នោះគឺការស្វែងរកឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូចជាការទាក់ទាញការវិនិយោគ និងការរៀបចំផ្ទះសំបែងរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយជាដើម។ 

សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយគ្នាដើម្បីអនាគតប្រជាជាតិកម្ពុជាយើង ៕

ដោយ ៖ សិលា


ចែករំលែក៖