ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះកូនស្រីលោកថាក់ស៊ីន នឹងក្លាយជានាយករដ្ឋមន្ត្រីថៃ ?

ចែករំលែក៖

សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសថៃដឹកនាំដោយគណបក្សភឿថៃកាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) បានតែងតាំងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra ជាមេដឹកនាំបន្ទាប់របស់ប្រទេស។

ដូច្នេះហើយ អ្នកនយោបាយស្ត្រី ស៊ីណាវ៉ាត្រា អាយុ ៣៧ឆ្នាំ នឹងក្លាយជាបេក្ខភាពតែមួយគត់នៅក្នុងការបោះឆ្នោតពិសេសនៃរដ្ឋសភាថៃនៅថ្ងៃនេះ (១៦ សីហា)។ ប្រសិនបើជោគជ័យ នាងនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងជាសមាជិកទីបីនៃគ្រួសារ Shinawatra ដែលកាន់តំណែងនេះ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការចរចាជាបន្តបន្ទាប់ក្នុងរយៈពេល២៤ម៉ោងនៃតុលាការធម្មនុញ្ញរបស់ប្រទេសថៃបានបណ្តេញនាយករដ្ឋមន្ត្រី ថាវីស៊ីននៃគណបក្សភឿថៃចេញពីតំណែង។
លោកស្រី Paetongtarn បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយដែលមានការចូលរួមពីមេដឹកនាំនៃគណបក្សដៃគូចម្រុះចំនួន១០ថា “ប្រទេសត្រូវតែដើរទៅមុខ ភឿថៃគឺជាគណបក្សសំខាន់ក្នុងការបង្កើតរដ្ឋាភិបាល ហើយនឹងនាំប្រទេសឆ្ពោះទៅមុខ”។
លោក ស្រេតថា គឺជានាយករដ្ឋមន្ត្រីទី៤ នៃក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលត្រូវបានតុលាការបណ្តេញចេញពីតំណែង។ ឧប្បត្តិហេតុនេះបង្ហាញពីការបែកបាក់ជាថ្មីក្នុងទំនាក់ទំនងរវាងលោកថាក់ស៊ីន និងនយោបាយអភិរក្សនិយម និងយោធាដែលជាភាគីដែលបានជួយលោកថាក់ស៊ីនត្រឡប់ពីការនិរទេសនៅឆ្នាំ២០២៣ ហើយលោក ស្រេត ថា ក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃនោះ។
គណបក្សភឿថៃ និងអ្នកកាន់តំណែងមុនត្រូវឆ្លងកាត់ស្ថានការណ៍ចលាចលជាច្រើន នៅពេលដែលរដ្ឋាភិបាលមុនពីរនៃគ្រួសារស៊ីណាវ៉ាត្រាត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា។
សម្ព័ន្ធភាពទាំង 11 នៅតែរក្សាដដែល លោកស្រី Paetongtarn នឹងមិនមានការលំបាកក្នុងការឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋសភាថៃ ដែលក្រុមចម្រុះនេះទទួលបានអាសនៈចំនួន 314 ដែលស្មើនឹងជិតពីរភាគបីនៃចំនួនអាសនៈសរុបចំនួន 493។ ទន្ទឹមនឹងនោះ មានតែការយល់ព្រមពីតំណាងរាស្រ្តជាងពាក់កណ្តាលប៉ុណ្ណោះ ដែលចាំបាច់សម្រាប់លោកស្រី Paetongtarn ដើម្បីក្លាយជានាយករដ្ឋមន្ត្រី៕ ដោយ៖ ធីរីណា

រូបថត៖ Reuters


ចែករំលែក៖