ព័ត៌មានទាន់ហេតុការណ៍៖

មិត្តចិនបង្ហាញការសហការជាមួយកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ និងរីករាយបន្តសហការជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រវាងប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជាឱ្យរីកចម្រើន។

លោកឆាន ជានភារៈធារីស្តីទីស្ថានទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមស្ថានទូតចិន ក៏ដូចជារដ្ឋាភិបាលចិន សូម រីករាយក្នុងការគាំទ្រតាមលទ្ធភាពជូនចំពោះគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសនឹងបន្តផ្តល់ចំនួនកូតានៃអាហារូបករណ៍រដ្ឋាភិបាលចិនទៅដល់និស្សិតកម្ពុជាផងដែរ។

លោកជឿជាក់ថា ការអភិវឌ្ឍបន្ថែមទៀតរបស់ប្រទេសចិននាពេលអនាគតក៏នឹងផ្តល់ ឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍរួមទាំងប្រទេសកម្ពុជាផងដែរ។

លោកបានចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះនិស្សិតដែលបានទទួលជ័យលាភី ហើយនឹងត្រៀមទៅសិក្សានៅប្រទេសចិន ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្ដែងគារវកិច្ចដោយស្មោះ ជូនចំពោះមិត្តភក្តិគ្រប់មជ្ឈដ្ឋានដែលតែងយកចិត្តទុកដាក់ និងគាំទ្រកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាក្នុងវិស័យអប់រំ និងតែងចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ និងជាមិត្តដែកថែប។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអរគុណចំពោះរដ្ឋាភិបាល និងស្ថានទូតចិនប្រចាំនៅកម្ពុជាព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានបន្តការសិក្សានៅប្រទេសចិនដើម្បីពួកគេមានសមត្ថភាព ចំណេះដឹងជំនាញយកទៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

លោកជំទាវបានចូលរួមអបអរសាទរចំពោះនិស្សិតកម្ពុជាចំនួន៧៤រូប ក្នុងនោះ៦១រូបសម្រាប់ថ្នាក់បរិញ្ញាបត្រ និង១៣រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលប្រឡងជាប់ជាប់ស្ថាពរទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។

នៅក្នុងឱកាសនោះលោកស្រីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាប្រទេសចិនទាំងអស់ត្រូវខិតខំរៀនសូត្រភាសាចិន និងជំនាញឱ្យបានល្អ ថែរក្សាសុខភាព ព្រមទាំងចូលរួមផ្សព្វផ្សាយពីប្រពៃណីវប្បធម៌ខ្មែរទៅកាន់ប្រជាជនចិន និងអន្តរជាតិផ្សេងទៀតឱ្យបានទូលំទូលាយ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឱ្យដឹងថា ពីឆ្នាំ២០១១ដល់ឆ្នាំ២០២៣ គណៈកម្មាធិការអាហារូបករណ៍បានបញ្ជូននិស្សិតទៅរៀននៅប្រទេសចិន១៨៧រូប។ ដោយឡែកឆ្នាំ២០២៤នេះ គណៈកម្មាធិការអាហារូបករណ៍ទទួលបានអាហារូបករណ៍មិត្តចិនទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន១២៨កន្លែងថែមទៀត៕

ប្រភព ៖ («CCFR China state-controlled media » )


ចែករំលែក៖