សារព័ត៌មាន Reuters បានផ្សាយថា មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា បាននិយាយថា ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ទៅឱ្យអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្ត NATO។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ ហៅកាត់ថា DSCA បានគូសបញ្ជាក់ថា ការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot នឹងជួយធ្វើឱ្យសមត្ថភាពរបស់អាល្លឺម៉ង់កាន់តែល្អប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងបច្ចុប្បន្ន និងនៅពេលអនាគត ព្រមទាំងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់បែរឡាំងផងដែរ។
ក្រសួងការបរទេសអាមេរិក បានអនុម័តលើគម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យទីក្រុងបែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈ DSCA បានជូនដំណឹងទៅកាន់សភាទាំង២របស់អាមេរិករួចរាល់ហើយ។ តែត្រូវរង់ចាំការអនុម័តយល់ព្រមពីសភាជាមុនសិន។ អាល្លឺម៉ង់ បានបរិច្ចាគប្រព័ន្ធមីស៊ីល Patriot ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់រុស្ស៉ី៕ ដោយធីរីណា