ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ២នាក់ ពីបទរួមគំនិតក្បត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនពីបទ(រួមគំនិតក្បត់)លេខ៩៩០ ឃខ/២៤ និងលេខ៩៩៣ ឃខ/២៤ ចុះ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ របស់លោក គង់ រ៉ាវន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សុក ជា ហៅ វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ កើតនៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្នស្ថិតនៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្រិតវប្បធម៌ រៀនថ្នាក់ទី១២ មុខរបរកសិករ ស្ថានភាពគ្រួសារ មានប្រពន្ធនិងកូនចំនួន០១នាក់ក្នុងបន្ទុកគ្រួសារ និងឈ្មោះ សន ច័ន្ទសាន ហៅញ៉ោង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន ភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធនិងកូនចំនួន០១នាក់ក្នុងបន្ទុកគ្រួសារ កម្រិតវប្បធម៌រៀនថ្នាក់ទី៨ថ្មី មុខរបរជាងផ្ទះ  ទៅពន្ធនាគារខត្តពោធិ៍សាត់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ឱ្យប្រធានពន្ធនាគារខេត្តពោធិ៍សាត់ នៃក្រសួងមហាផ្ទៃ ទទួលជននេះ និងឃុំឃាំងជននេះ រហូតទាល់តែទទួលបានដំណឹងអំពីដីកាសម្រេចថ្មីផ្សេងពីនេះ។ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ។

លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងឱ្យដឹងទៀតថា ដោយយោងតាមការបះបោរនយោបាយតាមបណ្ដាញសង្គម និងបទបញ្ជាថ្នាក់លើ កម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវ ស៌ើបអង្កេត លើគណនីTikTokឈ្មោះ San P S 182 កាន់កាប់និងប្រើប្រាស់ដោយឈ្មោះ សន ច័ន្ទសាន ហៅញ៉ោង បានធ្វើការបង្ហោះសារចែកចាយព័ត៌មានក្នុងគោលបំណង ញុះញង់ឱ្យប្រព្រឹត្តបទល្មើស ក៏ដូចជាបង្កឱ្យមានចលនាប្រឆាំង និងធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

លោកបញ្ជាក់បន្ថែមទៀតថា ក្នុងឱកាសនោះដែរ កម្លាំងយើងបានស្រាវជ្រាវ ស៌ើបអង្កេតលើគណនី ហ្វេសប៊ុក ឈ្មោះ Veasna Sok(វាសនា សុខ)កាន់កាប់ និងប្រើប្រាសដោយឈ្មោះ សុក ជា ហៅជា បានធ្វើការបង្ហោះចែកចាយព័ត៌មានមិនច្បាស់លាស់ ក្នុងគោលបំណង ញុះញង់ឱ្យប្រព្រឹត្តបទល្មើស ក៏ដូចជាបង្កឱ្យមានចលនាប្រឆាំងនិងធ្វើបាតុកម្ម ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ផងដែរ ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖