ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា ៖ «យុទ្ធសាស្ត្រហិតក្លិនម្ហូបអ្នកដទៃដើម្បីទំពារបាយខ្លួនឯង»

ចែករំលែក៖

ភ្នំពេញ ៖ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ៖ រយៈពេលជិត៣០ឆ្នាំប្លាយហើយ ដែលក្រុមប្រឆាំងនៅកម្ពុជាប្រើយុទ្ធសាស្ត្រនយោបាយដដែលៗ គឺឱ្យតែមានបម្រែបម្រួលនយោបាយនៅប្រទេសដទៃដែលផ្តល់ប្រៀបដល់បក្សប្រឆាំង មិនថានៅក្បែរខាងកម្ពុជា នៅក្នុងតំបន់ ឬនៅឆ្ងាយហៅមិនឮ អ្នកនយោបាយប្រឆាំងនិងអ្នកមាននិន្នាការប្រឆាំងខ្មែរតែងតែបាចសាចសារនយោបាយចាក់ដោតបញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់គណបក្សកាន់អំណាច ឱ្យប្រឆាំងរដ្ឋាភិបាលដោយផ្សារភ្ជាប់ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច កម្ពុជា ។

លោកបណ្ឌិតលើកថា ៖ ក្រុមប្រឆាំងតែងប្រៀបធៀបស្ថានភាពកម្ពុជាទៅនឹងស្ថានភាពនៃប្រទេសផ្សេងៗដែលមានភាពវឹកវរនយោបាយ ឬបក្សប្រឆាំងឈ្នះឆ្នោត ជាដើម ដូចជាករណីវឹកវរនយោបាយនៅប្រទេសវេណេហ្ស៊ុយអេឡា ឆ្នាំ២០១៩ ដែលបង្កឡើងដោយ លោក ជួន កៃដូ (Juan Guaido) មេបក្សប្រឆាំង ដែលប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី បក្សប្រឆាំងស្រុកខ្មែរអំពាវនាវប្រជាពលរដ្ឋខ្មែរ ឱ្យធ្វើដូចវេណេហ្ស៊ុយអេឡាដែរ, ព្រឹត្តិការណ៍បោះឆ្នោតនៅប្រទេសថៃឆ្នាំ២០២៣ ដែលគណបក្សចលនាឆ្ពោះទៅមុខ(MFP) របស់លោក ភីថា លីមចារឿនរ៉ាត់ (PiTa Limjaroenrat) ទទួលបានសំឡេងភាគច្រើន បក្សប្រឆាំងស្រុកខ្មែរស្រែកថា ប្រជាពលរដ្ឋប្រើសិទ្ធិផ្លាស់ប្តូរឱ្យទាល់តែបាន ហើយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងផ្លាស់ប្តូរដែរ។ ករណីថ្មីៗបំផុតគឺភាពវឹកវរចលាចលនយោបាយនៅបង់ក្លាដេសដែលផ្តើមចេញពីការទុកូតាពិសេសសម្រាប់តំណែង រដ្ឋការទុកជូនកូនចៅឥស្សរជន បក្សប្រឆាំងស្រុកខ្មែរ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនក្រោកឡើងធ្វើដូចបង់ក្លាដេសដែរ។ និយាយរួមទៅ ឱ្យតែមានភ្លើងឆេះនៅផ្ទះគេ បក្សប្រឆាំង នាំប្រជាពលរដ្ឋខ្មែរឱ្យហិតផ្សែងហើយ។

នេះជាយុទ្ធសាស្ត្រហិតក្លិនម្ហូបអ្នកដទៃដើម្បីទំពារបាយខ្លួនឯង ដែលគ្មានឱជារសអ្វីទាំងអស់ គឺជាខ្យល់សុទ្ធសាធ។

ឥឡូវនេះ ក្រុមប្រឆាំងខំប្រឹងរុញបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីអូសទាញប្រជាពលរដ្ឋមួយចំនួនឱ្យធ្លាក់ចូលក្នុងល្បែងនយោបាយអំណាចរបស់ខ្លួន និងរុញច្រានឱ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹក វរ ចលាចលសង្គម និងមហន្តរាយផ្សេងៗ ដូចនៅបង់ក្លាដេស។

សូមបងប្អូនប្រជាពលកុំជឿការឃោសនារបស់អ្នកមានគំនិតទ្រូសជាតិ សូមមានជំនឿនិងទំនុកចិត្តលើរដ្ឋាភិបាល បើរដ្ឋាភិបាលក្បត់ទំនុកចិត្តបងប្អូន, បងប្អូនអាចបោះឆ្នោតទម្លាក់រដ្ឋាភិបាលទៅក្នុងរយៈរយៈពេល៥ឆ្នាំម្តង សន្លឹកឆ្នោតនៅក្នុងដៃរបស់បងប្អូនទេ។ សូមនាំគ្នារក្សាស្ថិរភាពជាតិទាំងគ្នា ដើម្បីខ្លួនយើង គ្រួសារយើង កូនចៅយើង និងជាតិយើងទាំងអស់គ្នា។

ក្រុមបក្សប្រឆាំងទាំងឡាយ ល្មមឈប់ប្រើប្រាស់យុទ្ធសាស្ត្រហិតក្លិនម្ហូបអ្នកដទៃដើម្បីទំពារបាយខ្លួនឯងហើយ គួរមានយុទ្ធសាស្ត្រនយោបាយផ្ទាល់ខ្លួនដែលមានស្មារតីជាតិពិតប្រាកដ៕

ដោយ ៖ សិលា


ចែករំលែក៖