ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV) ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី រួមជាមួយលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) នៃប្រព័ន្ធទំនប់អាងទឹកអូរតេ និងទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រ ក្រុងសែនមនោរម្យ និងស្រុកអូរាំង ខេត្តមណ្ឌលគិរី។

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ទំនប់អាងទឹកដ៏ធំទាំងពីរនេះ គឺជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោងនេះក៏នឹងជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិ្យវឌ្ឍនភាពការងារនៅតាមទំនប់អាងទឹកដូចជា៖ ទី១)ទំនប់អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូរាំង មានទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រ ទី២)អាងទឹកទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និងទី៣) អាងទឹកទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ពហុវិស័យកសាងប្រព័ន្ធទំនប់អាងទឹកអូរតេ និងអាងទឹកទំនប់លើទំនប់ក្រោម ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួនប្រមាណ ១២លានម៉ែត្រគូប និងជាប្រភពទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានប្រទេសកម្ពុជា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)៕

ដោយ ៖ សិលា


ចែករំលែក៖