ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​៖​ ក្នុងរយៈពេល ៧ថ្ងៃ សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៦៤នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ ករណី មានជនសង្ស័យចំនួន ២១៣ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៦៤ នាក់ ដែលពាក់ព័ន្ធនឹងបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត”។

ជាមួយគ្នានេះ​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ បានថ្លែងបន្តថា​ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់ កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេស ជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ៕

ដោយ​៖តារា​


ចែករំលែក៖