ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគសេដ្ឋកិច្ចអន្តរជាតិ ៖ ការអភិវឌ្ឍរបស់ចិនជំរុញការអភិវឌ្ឍនៃពិភពលោក ហើយនឹងផ្តល់កាលានុវត្តភាពចិនដល់ទូទាំងពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖  “បច្ចុប្បន្ននេះ នៅតែគ្មានប្រទេសណាមួយអាចជំនួសប្រទេសចិនបានឡើយ ដូច្នេះ ចិននៅតែជារោងចក្រពិភពលោកដដែល ។” ពេលថ្មីៗចុងក្រោយនេះ លោក Michael Spence ម្ចាស់ពានរង្វាន់ណូបែលខាងសេដ្ឋសាស្ត្របានថ្លែងដូចពោលខាងលើនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ។ នៅឆមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចចិនបានទប់នឹងកម្លាំងសម្ពាធ បន្តនិន្នាការស្តារឡើងវិញទៅរកភាពល្អប្រសើរ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានបោះជំហានថ្មី ។ នេះជាការផ្សាយ របស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ពេលថ្មីៗចុងក្រោយនេះ អគ្គនាយកដ្ឋានគយចិនបានប្រកាសទិន្នន័យឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំទឹកប្រាក់សរុបនៃការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានតម្លៃ២៤,៨៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញមានតម្លៃ១៤,២៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៧ភាគរយ ការនាំចូលមានតម្លៃ១០,៥៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៤ភាគរយ ។ នៅខែកក្កដាឆ្នាំនេះ ការនាំចេញនាំចូលនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានតម្លៃ៣,៦៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទិន្នន័យមួយចំនួននេះបានបង្ហាញថា ចាប់ពីចូលឆ្នាំនេះមក សេដ្ឋកិច្ចរបស់ចិនបានដំណើរការយ៉ាងនឹងនរជាទូទៅ ហើយពាណិជ្ជកម្មជាមួយបរទេសបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងនឹងនរ ។

កំណើនដោយល្បឿនមធ្យមនិងខ្ពស់និងការលើកកម្ពស់គុណភាពជាបន្តបន្ទាប់នៃសេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ចពិភពលោកដែលមានភាពថមថយចុះក្នុងរយៈពេលជាយូរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនប្រហែលត្រូវជា១៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អត្រារួមចំណែកជាមធ្យមក្នុងមួយឆ្នាំៗរបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានលើសពី៣០ភាគរយ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនមានសមាមាត្រប្រហែល៣០ភាគរយនៃពិភពលោកទាំងមូល ដែលកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយលើពិភពលោកអស់ជាច្រើនឆ្នាំកន្លងទៅនេះ ។ ដោយសារសេដ្ឋកិច្ចចិនកើនឡើងដោយនឹងនរ បាននាំឱ្យល្បឿនកំណើនសេដ្ឋកិច្ចសកលស្តារឡើងវិញទៅដល់ប្រហែល៣ភាគរយ ពោលគឺពាណិជ្ជកម្មនិងការវិនិយោគរក្សាកំណើនវិជ្ជមាន ។

គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចរបស់ចិនបានកែលម្អសភាពការណ៍បច្ចុប្បន្ននិងនិម្មាបនកម្មនៃសេដ្ឋកិច្ចសកល ។ ឧស្សាហកម្មដូចជាឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថលនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើមបានក្លាយជាវិស័យប្រកួតប្រជែងដែលទទួលការអភិវឌ្ឍឆាប់រហ័សបំផុតនៅប្រទេសចិន និម្មាបនកម្មអភិវឌ្ឍន៍នេះបានជះឥទ្ធិពលនិងកែប្រែមុខមាត់សេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅតាមរយៈការនាំចេញនាំចូល ការវិនិយោគនៅបរទេសនិងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិជាដើម ដែលបន្ថែមសុខសុភមង្គលរបស់ប្រជាជននៃប្រទេសនានា ។ ការវិនិយោគនៅបរទេសក្នុងវិស័យឧស្សាហកម្មដូចជារថយន្តថាមពលថ្មីនិងឧស្សាហកម្មថាមពលប្រព័ន្ធ PV ជាដើមរបស់ចិន បានដឹកនាំការផុលផុសឡើងនៃឧស្សាហកម្មងើបឡើងថ្មីនិងការផ្លាស់ប្តូរនៃឧស្សាហកម្មប្រពៃណីរបស់ប្រទេសពាក់ព័ន្ធ ដែលបានពន្លឿនយ៉ាងខ្លាំងនូវដំណើរកាត់បន្ថយការបញ្ចេញកាបូនទូទាំងពិភពលោក ។ ទំនាក់ទំនងខាងខ្សែសង្វាក់ឧស្សាហកម្មដែលកាន់តែមានភាពល្អពេញលេញរវាងចិននិងប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានជំរុញយ៉ាងខ្លាំងនូវស្ថិរភាពនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ ។

គេហទំព័រ «CCFR China state-controlled media » ពេលថ្មីៗចុងក្រោយនេះ លោក Tao Kuangchun ប្រធានក្រុមហ៊ុន KPMG ប្រចាំប្រទេសចិននិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ឧត្តមភាពចម្រុះរបស់ចិនដូចជាទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញនិងបរិយាកាសអាជីវកម្មដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ជាដើមមានកម្លាំងទាក់ទាញដ៏ខ្លាំងក្លាជាប់រហូតមក ។ លោក Tao Kuangchun បានថ្លែងថា ទីផ្សារចិនបានក្លាយជាទីផ្សារធំៗដែលពិភពលោករួមចំណែកជាមួយគ្នា ចិននឹងបន្តបញ្ចេញតម្រូវការយ៉ាងខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន នគរូបនីយកម្មបែបថ្មីនិងការលើកកម្ពស់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធប្រើប្រាស់ជាដើម ។

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងក្នុងកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់បំផុតលើទូទាំងពិភពលោក លក្ខណៈពិសេសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមុខជានឹងជះឥទ្ធិពលដ៏សំខាន់ចំពោះសេដ្ឋកិច្ចសកលជាមិនខាន ។ ព្រមពេលជាមួយគ្នានេះ ចិនបានចាត់ទុក “ការអភិវឌ្ឍរបស់ចិនជំរុញការអភិវឌ្ឍពិភពលោកនិងផ្តល់កាលានុវត្តភាពចិនដល់ទូទាំងពិភពលោក” ជាទស្សនៈមូលដ្ឋានសម្រាប់ធ្វើអន្តរកម្មជាមួយពិភពលោក ។ នេះក៏បានសម្រេចថែមមួយកម្រិតទៀតថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមុខជានឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ។

ក្នុងដំណាក់កាលជាគន្លឹះដែលកំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយក្នុងរយៈពេលជាយូរ វិវាទខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលកាន់តែខ្លាំងក្លានិងការប៉ះទង្គិចបានកើតមានជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនបានផ្តល់ក្តីសង្ឃឹមដល់កំណើនសេដ្ឋកិច្ចពិភពលោក ៕

ដោយ ៖ សិលា


ចែករំលែក៖