ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ខណៈបើកម៉ូតូធំបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

   ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើកម៉ូតូធុនធំ វ៉ាជែងរថយន្តជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉កដែលបើកច្រាសទិសគ្នាបណ្តាលឱ្យរុឺម៉កក្រឡាប់ផ្ងារជើង។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ខាងមុខសណ្ឋាគារសុខាសៀមរាប ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូធុនធំ ម៉ាកSuzuki GIXXER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1FF-3233 បើកបរដោយបុរសម្នាក់ យ៉ាងលឿនពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉ក ពាក់ស្លាកលេខ សៀមរាប 1AR-8773 ដែលកំពុងបើកពីលិចទៅកើតបណ្តាលឱ្យរុឺម៉កក្រឡាប់ផ្ងារជើង ហើយភាគីខាងម៉ូតូធំបានស្លាប់ភ្លាមៗនៅនឹងកន្លែង ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ និងម៉ូតូរុឺម៉ក ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាប រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖