ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយ ព្រះសង្ឃមួយអង្គដែលខឹងនាងជាសង្សារសុំបែក យកកន្ត្រៃចាក់ទៅលើនាងបណ្តាលឱ្យរងរបួសធ្ងន់ នៅក្នុងវត្តថាន់

ចែករំលែក៖

ភ្នំពេញ ៖ ត្រឹមតែ១ថ្ងៃប៉ុណ្ណោះក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត កម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពេលជនដៃដល់បម្រុងឆ្លងដែនទៅប្រទេសថៃ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ 

សូមរំលឹកថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះសង្ឃ១អង្គដែលមានស្នេហាជាមួយនារីម្នាក់ជាង២ឆ្នាំមកហើយនោះ កើតភ្លើងប្រចណ្ឌបានយកកន្រ្តៃចាក់ទៅលើនារីរងគ្រោះរងរបួសធ្ងន់ ហើយគេចខ្លួនបាត់។

ព្រះសង្ឃជាជនដៃដល់មានឈ្មោះ ហឿន វាសនា អាយុប្រហែល៣០ឆ្នាំ ជាព្រះសង្ឃ (កំពុងរត់គេចខ្លួន)មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកនារីរងគ្រោះមានឈ្មោះ  សេង សេតម្ពរ (ហៅស្រីកែវ) អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ថ្នាក់ទី១២C ស្នាក់នៅជាមួយជីដូន(ដូនជី)ក្នុងបរិវេណវត្តថាន់ មានស្រុកកំណើតនៅខេត្តសៀមរាប។

បើតាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបអោយដឹងថា ព្រះសង្ឃនិងនារីខាងលើមានទំនាក់ទំនងគ្នារយ:ពេល២ឆ្នាំមកហើយ សង្ស័យព្រះសង្ឃខាងលើលួចមានស្នេហាជាមួយនារីរងគ្រោះ ។ មុនកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកToday ពណ៌ក្រហម ពាក់ស្លាក់លេខសៀមរាប1AC-8670 ចេញពីតូបកន្លែងស្នាក់នៅបម្រុងទៅកន្លែងធ្វើការ លុះជិះបានប្រហែលជា១០០ម៉ែត្រមកដល់កែងព្រះវិហារក៏មានព្រះសង្ឃខាងលើបានចេញមកស្ទាក់ផ្លូវ ហើយយកកន្រ្តៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែងរួចយកដុំថ្មវាយបន្ថែមបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋឃើញហៅរថយន្តសង្រ្គោះបន្ទាន់ដឹកនារីរងគ្រោះយកទៅជួយសង្រ្គោះភ្លាមៗ។ចំណែកព្រះសង្ឃជាជនដៃដល់បានរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញព្រហ្មទណ្ឌនិងកម្លាំងកងរាជអាវុធហត្ថបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងបើកការសើបអង្កេតស្រាវជ្រាវយ៉ាងហ្មត់ចត់នៅទីតាំងកន្លែងកើតហេតុដើម្បីតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ចំណែកជនរងគ្រោះកំពុងនៅបន្ទប់សង្រ្គោះបន្ទាប់នៃមន្ទីរពេទ្យព្រះអង្គឌួងដោយមិនទាន់ដឹងខ្លួននៅឡើយនោះទេ។ រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាអនុវត្តនីតិវិធីបន្ត៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖