ខេត្តពោធិ៍សាត់៖ កម្ពុជា នឹងសម្រេចការផលិតថាមពលស្អាតបាន៧០ ភាគរយ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ដែលបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រជាពលរដ្ឋខ្មែរ ហើយការសម្រេចថាមពលស្អាតនៅឆ្នាំ២០៣០ ទៅបានគឺយើងត្រូវតែរក្សាសន្ដិភាពឲ្យបាន និងកុំជំទាស់ការអភិវឌ្ឍន៍។ នេះបេីយោងតាមការបញ្ជាក់ពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
រដ្ឋមន្រ្តីក្រសួងរ៉ែរូបនេះ បានលើកឡើងបន្ថែមថា ការផលិតអគ្គិសនីរវាងកម្ពុជាផ្គុំជាមួយប្រទេសឡាវបានប្រមាណ៦២ ភាគរយ ដែលគោលដៅការផលិតថាមពលស្អាតនៅឆ្នាំ២០៣០យ៉ាងតិចឱ្យបាន៧០ ភាគរយ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្រេចផែនការនៅឆ្នាំ២០៣០នេះ គឺប្រជាពលរដ្ឋកុំកាប់ចាក់គ្នា បំផ្លាញសន្ដិភាព និងអភិវឌ្ឍន៍កន្លែងណាទើសកន្លែងនឹង ដូចជា ធ្វើរឿងវារីអគ្គិសនីទើសរឿងវារីអគ្គិសនី ធ្វើថាមពលដោយខ្យល់មិនឱ្យធ្វើ ធ្វើខ្សែភ្លើងហាមឃាត់ កាប់ដើមឈើ១ ដើម មិនឱ្យកាប់ គឺមិនអាចជោគជ័យទេ។ ប៉ុន្ដែបើប្រជាពលរដ្ឋគាំទ្រសន្ដិភាព និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាបន្ដ កម្ពុជានឹងសម្បូរភ្លើងអាចលើសផែនការកំណត់។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា គ្មានការអភិវឌ្ឍណាមួយ មិនមានផលប៉ះពាល់ដល់បរិស្ថានខ្លះនោះទេ សូម្បីតែធ្វើស្រែក៏ត្រូវកាប់ដើមឈើមិនឱ្យគ្របម្លប់ស្រូវដែរ ។
លោករដ្ឋមន្រ្តី បានរំលឹកថា ក្រោយឆ្នាំ១៩៧៩ ថ្ងៃ៧ មករា កម្ពុជាអត់មានសាលារៀន វត្ដ ខ្សែភ្លើង ១សរសៃក៍អត់មានឆ្លងកាត់ខេត្ដដែរ ហើយយើងធ្វើបានប៉ុណ្ណឹង រឿងអ្វី៦ និង៧ឆ្នាំទៀត យើងធ្វើមិនបាន២០ភាគរយទៀតនោះ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានបង្ហាញការជឿជាក់ថា ក្នុងរយៈពេល៦ និង៧ឆ្នាំខាងមុខនេះ កម្ពុជានឹងសម្រេចការផលិតថាមពលស្អាតបាន៧០ ភាគរយ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ដែលបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រទេសជាតិ នឹងប្រជាពលរដ្ឋខ្មែរយើង ហើយជាពិសេសនោះគឺយើងត្រូវរក្សាសន្ដិភាព និងកុំជំទាស់ការអភិវឌ្ឍន៍ ដើម្បីធានាឱ្យការផ្គត់ផ្គង់អគ្គិសនីនៅក្នុងស្រុកឱ្យបាន៧០ ភាគរយ៕
ដោយ៖ តារា