ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្តីពីសមិទ្ធិផលការងារដែលសម្រេចបាននិងទិសដៅការងារអភិវឌ្ឍន៏របស់រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានធ្វើឱ្យ រាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងលឿននាសម័យតេជោសែន។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើបទបង្ហាញនិងបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដមចូលរួមធ្វើបទបង្ហាញជូនក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីសមិទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិតម៉ៅ ច័ន្ទដារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ។

ឯកឧត្ដម អភិបាលរាជធានីបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម  ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV. DTA) ។

ឯកឧត្ដមបន្ថែមថា៖ ក្នុងនោះរដ្ឋបាលរាជធានីបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះ បណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អហេដ្ឋារចនាសម្ព័ន្ធមានប្រព័ន្ធលូ, ការកសាងផ្លូវថ្នល់ជាដើម។

ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍរាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះដែរ

ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទដារា បានយល់ស្របនិងគាំទ្រពេញទំហឹងពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុប្បន្នដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាង២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ក្រើនរំលឹកក្នុងការពង្រឹងយន្តការអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព, ការទប់ស្កាត់ក្មេងទំនើង, បញ្ហាគ្រឿងញៀន,ការគោរពច្បាប់ចរាចរណ៍ដោយប្រកាន់យកវិធានការអប់រំ ជាជាងការរង់ចាំតែការផាកពិន័យ។ បន្តយកចិត្តទុកដាក់តាមដានចំពោះក្រុមជនជ្រុលនិយមដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិតាមការញុះញង់របស់អ្នកនយោបាយនៅក្រៅស្រុក។ ទោះបីគោលបំណងធ្វើបាតុកម្មមិនបានសម្រេចកាលពីថ្ងៃទី១៨សីហាក្តី តែពូកគេនៅតែចិញ្ចឹមចិត្តបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋដដែល៕ ដោយ សំរិត


ចែករំលែក៖