ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាការងារអាទិភាពធំបំផុតរបស់កម្ពុជា ខណៈប្រទេសមួយចំនួនអស្ថិរភាពនយោបាយ និងកំពុងផ្ទុះសង្គ្រាម

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជារក្សាសន្តិភាព ស្ថិរភាពនយោបាយ គឺជាការងារអាទិភាពធំបំផុតរបស់កម្ពុជា ខណៈដែលសង្គ្រាមបានផ្ទុះឡើងនៅតំបន់មួយចំនួន ហើយប្រទេសខ្លះកំពុងជួបនឹងអស្ថិរភាពនយោបាយ។

នៅក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងថា កម្ពុជា ជាប្រទេសតូចពិតប្រកែកមិនបានទេ តែមានបទពិសោធន៍ធំ គឺក្នុងមហាសោកនាដកម្ម ១ពាន់ជំពូក ដែលបង្កឡើងដោយសង្គ្រាម ក្នុងន័យនេះបន្តពីសម្តេចតេជោ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រាប់បណ្តាប្រទេសជិតខាង ប្រាប់បណ្តាប្រទេសក្នុងតំបន់ និងប្រាប់ពិភពលោកទាំងមូលថា រក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអាទិភាពធំបំផុតរបស់កម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងបន្តថា ពេលនេះ តាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក កំពុងមានសង្គ្រាមឆាបឆេះ ដូចជានៅភូមា នៅអ៊ុយក្រែន នៅតំបន់ហ្គាហ្សា ហើយបន្ថែមនេះ ក៏មានបញ្ហាអស្ថិរភាពនយោបាយ បាននិងកំពុងគ្របដណ្តប់ទៅលើតំបន់មួយចំនួន និងប្រទេសមួយចំនួន ដូចជានៅតំបន់មជ្ឈិមបូព៌ា ហើយថ្មីនេះ នៅប្រទេសអាស៉ីខាងត្បូង គឺប្រទេសបង់ក្លាដែស៕

ដោយ ៖ សិលា


ចែករំលែក៖