ខេត្តពោធិ៍សាត់៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅឯខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានមានប្រសាសន៍ថា៖ ចាប់តាំងការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ នៅរយៈពេលពេញ ១ឆ្នាំ ចំណូលសួយសារបានពីវិស័យរ៉ែ កើនឡើង ២៥០% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ត្រឹមតែ ៤០,១៧ លានដុល្លារ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ថា ដោយសារការកែទម្រង់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំណូលពីវិស័យរ៉ែ កម្ពុជាមានកំណើនជាង ២៥០% នឹងយកថវិកានេះ មកសាងសង់សាលារៀនបន្ថែម និងទិញថ្នាំឱ្យប្រជាពលរដ្ឋ។
បេីយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា វិស័យរ៉ែនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឧស្សាហកម្មស៊ីម៉ង់ត៍ មានផលិតភាពកើនឡើងរហូតដល់ ៩លានតោនក្នុងមួយឆ្នាំៗ និងការចម្រាញ់រ៉ែមាស ផលិតបានប្រមាណ ៩,៦តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣។ ចំពោះការធ្វើប្រតិបត្តិការរ៉ែសំណង់ និងរ៉ែផ្សេងៗ ក៏បានផ្តល់ឱកាសឱ្យកម្ពុជា អាចនាំចេញធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាសទៅក្រៅប្រទេសផងដែរ។
សូមជម្រាបដែរថា កម្ពុជា រកចំណូលសួយសារពីវិស័យរ៉ែសរុបបាន ៥០,៣០ លានដុល្លារ នៅក្នុងឆ្នាំ២០២៣កន្លងទៅ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច