ព័ត៌មានទាន់ហេតុការណ៍៖

ជិះរថយន្តភ្ញៀវយកទៅជួសជុលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយទុកចោលកណ្ដាលផ្លូវត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ÷ជាងជួសជុលរថយន្តម្នាក់បានយករថយន្តម៉ាក Tundra ពាក់ផ្លាកលេខ ន-ប របស់ភ្ញៀវដែលយកទៅជួសជុល ជិះបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រះសុីសុវត្ថិ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ០២និង២០នាទី នៅចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២: ២០នាទី នៅចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ បើកបរដោយឈ្មោះ ប៉ូច នោ ភេទប្រុស មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ ទ័ពស្តេច ឃុំត្រពាំងសាលាកើត ស្រុកបន្ទាយមាស ខេត្តកំពត បានបើកបុកម៉ូតូម៉ាក Nex ពណ៌ស ផ្លាកលេខកំពង់ចាម 1AD-0846 បណ្តាលឱ្យ អ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ នៅចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបើករត់ចោលកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ និងរួមដំណើរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវ ជ្រាវរហូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់អ្នកបើកបរ និងរថយន្តម៉ាក Tundra មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

បន្ទាប់ពីសាកសួររួច អ្នកបើកបរបង្កបានសារភាពថាខ្លួនបានយករថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ ន-ប ២-៧៧២៧ ដែលភ្ញៀវយកជុសជួល មកបើកបរ ទើបបណ្តាឱ្យកើតគ្រោះថ្នាក់ចរាចរណ៍៕


ចែករំលែក៖