ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចថ្មីមួយទៀតដែលឱ្យឈ្មោះថា «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព»

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសក្នុងឱកាសខួប ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងគោលដៅបន្តដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ក៏ដូចជាការចូលរួមទប់ស្កាត់សកម្មភាពទន្រ្ទានដីរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាលសម្ដេចសូមជម្រាបជូនជនរួមជាតិនូវកម្មវិធីផ្តល់ដីសង្គមកិច្ចថ្មីមួយទៀតដែលឱ្យឈ្មោះថា កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពសំដៅផ្តល់ដីសង្គមកិច្ចថ្មីជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការការពារដីរដ្ឋ និងព្រៃឈើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលគំនិតនៃការរៀបចំកម្មវិធីនេះគឺដើម្បីផ្តល់ដីសម្បទានក្នុងក្របខ័ណ្ឌដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងជួយរៀបចំអភិវឌ្ឍនៅហ្នឹងកន្លែងជូនពួកគាត់ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ហើយជាត្រឡប់មកវិញ ប្រជាពលរដ្ឋទាំងនោះនឹងជួយរាជរដ្ឋាភិបាលនៅក្នុងការការពារនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្រ្ទានដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងពួកគាត់រស់នៅ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា  ៖ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំពុងធ្វើការសម្របសម្រួលដោះស្រាយគម្រោងអចលនទ្រព្យ ដែលកំពុងមានបញ្ហាជាច្រើន ខណៈក្នុងចំណោមគម្រោងចំនួន៣៧ដែលកំពុងមានបញ្ហា ក្រសួងបានដោះស្រាយរួចរាល់ចំនួន៩គម្រោងហើយ  និងបន្តដោះឱ្យអស់នាពេលឆាប់ៗខាងមុខនេះ។ សម្តេចធិបតីបានបន្ថែមថា ការសម្រប់សម្រួលនេះគឺផ្អែកលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីរកច្រកចេញក្នុងគ្រាដែលកំពុងលំបាក និងស្រមតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះជាដើម ។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បានសម្រេចបង្កើតឱ្យមានកម្មវិធីថ្មីមួយ គឺផ្ដល់ដីដើម្បីការពារព្រៃ។ កម្មវិធីនេះ គឺផ្ដល់ដីសម្បទានដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលមិនមានដីធ្លី បន្ទាប់មកអភិវឌ្ឍនៅតំបន់នោះ ដើម្បីពលរដ្ឋមានជីវភាពកាន់តែប្រសើរផង និងចូលរួមការពារដី ព្រមទាំងព្រៃឈើរបស់រដ្ឋផង ៕ 

ដោយ ៖ សិលា


ចែករំលែក៖