ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់ ស្នើអភិបាលស្រុកភ្នំក្រវាញ ដែលទើបនឹងទទួលបានមុខតំណែងថ្មី ត្រូវប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ដើម្បីអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចម្រើន

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ បានស្នើដល់អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដែលទើបនឹងទទួលបានមុខតំណែងថ្មី ត្រូវបន្តការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ព្រមទាំងប្រើប្រាស់ភាពឆ្លាតវៃ ក្នុងកិច្ចការងារគៀរគរសប្បុរសជន មកអភិវឌ្ឍន៍ស្រុកឱ្យទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត។

លោក ខូយ រីដា បានថ្លែងបែបនេះ នៅបរិវេណសាលាស្រុកភ្នំក្រវាញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, មន្ត្រីរាជការ, អាជ្ញាធរស្រុក ឃុំ ភូមិ ព្រមទាំងយុវជន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ យ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៨០៨ អនក្រ.តត ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានសម្រេចតែងតាំង លោក ធាម សុផាត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ជំនួសលោក ហេង សុភាណា ដែលត្រូវទទួលភារកិច្ចថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងភារកិច្ចថ្មី លោក ធាម សុផាត ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយផ្អែកលើលក្ខណៈសម្បត្តិសមរម្យ និងដើម្បីសម្រួលការផ្តល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងតម្លាភាព។

លោក សង្ឃឹមថា លោកអភិបាលស្រុក ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុន បន្តក្នុងការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖