ទីក្រុងបាងកក ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមអបអរសាទរលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាននៅប្រទេសថៃ ប៉ុន្តែជាលក្ខណ:គ្រួសារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមអបអរសាទរលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រថៃ ដល់គេហដ្ឋាននៅប្រទេសថៃផ្ទាល់តែម្ដង ជាលក្ខណ:គ្រួសារ និងក្រៅផ្លូវការ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ។
នៅលើ Facebook, លោក ហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំ និងទទួលទានអាហារជាលក្ខណៈគ្រួសារដ៏កក់ក្តៅ។ ចំណងគ្រួសារយើងទាំងពីរនៅតែរឹងមាំជានិច្ច។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញការអបអរសាទរដល់ថាក់ស៊ីន ស៊ីណាវ៉ាត្រា សូមឱ្យមានសំណាងល្អ និងអបអរសាទរប្អូនស្រី Ong Ing ដែលសំដៅលើលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រាដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រថៃ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ការជួបជុំថ្ងៃនេះ គ្រាន់តែជាបែបលក្ខណៈគ្រួសារប៉ុណ្ណោះ នៅពេលដែលកាលៈទេសៈផ្លូវការមកដល់ វានឹងក្លាយជារឿងមួយផ្សេងទៀត។
គួរជម្រាបថា ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ២០២១ ជាប្រធានគណៈកម្មាធិការប្រឹក្សាស្ដីពី ការចូលរួមនិងនវានុវត្ដន៍របស់គណបក្សភឿថៃ ហើយបានក្លាយជាមេដឹកនាំគណបក្សនៅឆ្នាំ២០២៣។ នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន លោកស្រីក៏ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបនៃគណបក្សភឿថៃផងដែរ។ យ៉ាងណាការមានឱកាសបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅពេលនេះ គឺបន្ទាប់ពីមានភាពចលាចលក្នុងជួរនយោបាយ ដោយតុលាការធម្មនុញ្ញថៃបានសម្រេចបង្គាប់ដកហូតតំណែងនាយករដ្ឋមន្ត្រីពីលោក សេដ្ឋា ថាវីស៊ីន ដែលទើបតែឡើងកាន់អំណាចមិនដល់១ឆ្នាំផងនោះកាលពីថ្ងៃពុធជិត២សប្តាហ៍កន្លងទៅ ក្រោយជាប់ពាក់ព័ន្ធពីបទបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោក ដែលធ្លាប់ជាអតីតមេធាវីធ្លាប់ជាប់ពន្ធនាគារឱ្យកាន់តួនាទីជារដ្ឋមន្រ្តីនៃការិយាល័យនាយករដ្ឋមន្ត្រី។
ទាក់ទងនឹងជីវិតនយោបាយរបស់លោក ថាក់ស៊ីន និងប្អូនស្រីរបស់លោកគឺលោកស្រី យីងឡាក់ សុទ្ធតែត្រូវទម្លាក់ចេញពីតំណែង។ លោក ថាក់ស៊ីន ត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៦ ខណៈលោកស្រី យីងឡាក់ ត្រូវតុលាការធម្មនុញ្ញបង្ខំឱ្យចុះចេញពីតំណែងក្នុងឆ្នាំ២០១៤ បន្ទាប់មកយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីនៅឆ្នាំដដែល។ ទាំងលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានប្រឈមនឹងការចោទប្រកាន់ពីបទប្រព្រឹត្ដអំពើពុករលួយ និងការរំលោភអំណាច ជាហេតុដែលនាំឱ្យមានការកាត់ទោសតាមផ្លូវច្បាប់ចំពោះពួកគេ។
បងប្អូនបង្កើតទាំងពីរក៏សុទ្ធតែបានរត់ចេញទៅក្រៅប្រទេសដូចគ្នា ប៉ុន្ដែលោក ថាក់ស៊ីន បានវិលត្រឡប់មកវិញកាលពីអំឡុងខែសីហាឆ្នាំមុន ហើយលោកក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ និងបន្ទាប់មកបន្ធូរបន្ថយមកត្រឹម១ឆ្នាំ។ យ៉ាងណាមិញ ព្រះមហាក្សត្រថៃបានត្រាស់បង្គាប់ឱ្យលើកលែងទោសទាំងស្រុងលើលោក ថាក់ស៊ីន ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤តទៅ។
ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការនេះ បានធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ គឺមានវ័យទើបតែ៣៨ឆ្នាំ ហើយក៏ជានាយករដ្ឋមន្ដ្រីស្ដ្រីទី២បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាម្ដាយមីងបង្កើតរបស់លោកស្រី។ លោកស្រី ផែថងថាន គឺជាជនទី៣មកពីត្រកូលស៊ីណាវ៉ាត្រា ដែលបានកាន់តំណែងនាយករដ្ឋមន្ដ្រី ពោលគឺបន្ទាប់ពីឪពុកនិងម្ដាយមីង។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ៕
ដោយ ៖ សិលា