ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ ! លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងម៉ានី

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់ លោក Enrique A. Manalo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំនេះ នឹងធ្វើការតាមដាន និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ ២០២១ និងដាក់ចេញផែនការសកម្មភាពថ្មី ដើម្បីបន្តពង្រឹងទំនាក់ ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង បញ្ហាអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម ផងដែរ។

ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក Ferdinand Romualdez Marcos Jr., ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង អញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយ លោកស្រី Sara Duterte អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន៕

ដោយ ៖ សិលា


ចែករំលែក៖