ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៥៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជានាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់ លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។
លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៥៨នាក់នោះ មាន ៤៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៥ករណី និងជនសង្ស័យ ១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ០៩ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕
ដោយ ៖ សិលា