ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃចន្ទទី២៦ ខែសីហា ឆ្នាំ២២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណី ដឹកជញ្ជូន, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឆ្លងដែនចូលមក ព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ករណីនេះនៅថ្ងៃកើត ហេតុខាងលើ កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានធ្វើការកាក់ឃាត់រថយន្ត ០១គ្រឿង ម៉ាក LEXUS RX-300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 21-3726 នៅចំណុចគោលដៅត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ និងធ្វើតេស្តរក សារធាតុញៀន ដោយបានត្រួតពិនិត្យ និងឆែកឆេរក្នុងរថយន្តរកឃើញមានវត្ថុតាងថ្នាំញៀន ប្រភេទអ៊ុចស្តាស៊ី (MDMA) ចំនួន ០២ កញ្ចប់ធំ ទម្ងន់សរុប ១០,១៥២ ក្រាម ឬ ១០ គីឡូក្រាម និង ១៥២ ក្រាម (លាក់ទុកក្នុងវ៉ាលី) ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លូ តា (LU DA) ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិចិន ប្រគល់ជូន សមត្ថកិច្ចជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការ បន្តតាមនីតិវិធី។
ក្រោយពីតំណាងអយ្យការ បានពិនិត្យលើសំណុំរឿងនេះ និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងផ្អែកទៅលើ ភស្តុតាងពាក់ព័ន្ឋនៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០១នាក់ ជាជនជាតិចិន និងបក្ខពួកមួយចំនួនទៀតជាជនជាតិចិន (គេចខ្លួន) បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទ ដឹកជញ្ជូន, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ ឆ្លងដែនចូលមក ព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៩៣៧ អ.យ.ឈ/២៤ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា