ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនចាត់វិធានការចាំបាច់ទប់ទល់ជាមួយព្យុះ ឈ្មោះ សាន សាន ដែលចូលដល់ដីគោកក្នុងសប្តាហ៍នេះ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ព្យុះទីហ្វុងខ្លាំងមួយ កំពុងមានគោលដៅឆ្ពោះមកកាន់ភាគខាងត្បូងប្រទេសជប៉ុន ខណៈអាជ្ញាធរឧតុនិយម បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ខ្លាំង នឹងរំខានដល់ប្រព័ន្ធដឹកជញ្ជូននៅក្នុងសប្តាហ៍នេះ។

ព្យុះទីហ្វុងឈ្មោះ Shanshan ត្រូវបានរំពឹងថា នឹងធ្វើដំណើរឆ្លងតំបន់កោះ Amam នាថ្ងៃពុធសប្តាហ៍នេះ ជាមួយកម្លាំងខ្យល់រហូតដល់ ២១៥គីឡូម៉ែត្រក្នុង១ម៉ោង មុនវាងាកទៅរក កោះធំប្រចាំភាគខាងត្បូងជប៉ុន គឺកោះ Kyushu។ នាពេលកន្លងទៅ ក្នុងខែសីហានេះ ព្យុះទីហ្វុងឈ្មោះ Ampil បានបង្កការរំខានដល់ប្រតិបត្តិការហោះហើរ និងរថភ្លើងរាប់រយជើង ហើយនាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ប៉ុន្តែវាបានបណ្តាលមានមនុស្សរងរបួសតិច និងការបំផ្លិចបំផ្លាញស្រាលប៉ុណ្ណោះ នៅជប៉ុន។

ព្យុះទីហ្វុងថ្មីខាងលើកើតមាននៅប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះត្រូពិចឈ្មោះ Maria បានបង្កភ្លៀងធ្លាក់ ក្នុងកម្រិតខ្លាំងមិនធ្លាប់មាន នៅតំបន់ភាគខាងជើងប្រទេសជប៉ុន។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយកាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងនៅតំបន់ប៉ាស៉ីហ្វិក បានលេចរូបរាងឡើងកាន់តែកៀកឆ្នេរសមុទ្រ ហើយកើនឡើងថាមពលយ៉ាងឆាប់រហ័ស និងមានរយៈពេលកាន់តែយូរជាងមុន ពេលពួកវានៅលើដីគោក គឺដោយសារតែកត្តាប្រែប្រួលអាកាសធាតុ ជាចម្បង៕ ដោយធីរីណា

រូបភាព:vtv


ចែករំលែក៖