ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ  

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅកាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីងនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ដំណើររបស់លោករដ្ឋមន្ដ្រីនេះ មានការអញ្ជើញចូលរួមអមដំណើរដោយលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីជំនាញ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងមន្ដ្រីកសិកម្មឃុំប្រចាំស្រុកសណ្ដាន់ជាច្រើនរូប។

នៅក្នុងបទបង្ហាញរបស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ដ្រី ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលជ្រាបថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំនេះ ដែលមានសមាជិកចំនួន ៥៧គ្រួសារ និងមានផ្ទៃដីផលិតកម្ម ២៥១ហិកតា បានចុះបញ្ជី និងរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួនរួចហើយ។ បើតាលោក ឃឹម ហ្វីណង់ សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការអាជីវកម្ម និងគ្រោងចាប់ផ្ដើមផលិតកម្មក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះបងប្អូនប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ នៅចំពោះមុខអង្គពិធីទាំងមូល ក្រោមដំណក់ទឹកភ្លៀង ឯកឧត្តមរដ្ឋមន្ដ្រីបានពន្យល់ម្ដងទៀតអំពីមូលហេតុដែលក្រសួងជំរុញការចងក្រងសហគមន៍កសិកម្មទំនើប អត្ថប្រយោជន៍ដែលកសិករទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ សមាជិកសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រ ទាំងទុន បច្ចេកទេស និងទីផ្សារ ឈានកាត់បន្ថយការចំណាយ បង្កើនផលចំណេញ ព្រមទាំងធានានិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថាន៕ដោយ៖តារា


ចែករំលែក៖