ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរក្រុមជិះម៉ូតូដេញវាយគ្នារហូតជិះជ្រុលទៅបុករថយន្តបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿង ខណៈក្រុមក្មេងស្ទាវមួយក្រុមទៀតមានម៉ូតូប្រមាណជា៥ទៅ៦គ្រឿងជិះប្រដេញពីក្រោយតាមវាយ ដោយក្រុមយុវជន៣នាក់ព្យាយាមជិះគេចក៏ជ្រួលល្បឿនទៅបុករថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមក្មេងស្ទាវ២ក្រុមបានជិះម៉ូតូជាច្រើនគ្រឿងប្រដេញគ្នា ដោយយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងត្រូវបានក្រុមក្មេងស្ទាវមួយក្រុមទៀតប្រមាណជា៥ទៅ៦ម៉ូតូជិះប្រដេញពីក្រោយដើម្បីតាមវាយកាប់ចាក់ទៅលើយុវជនទាំង៣នាក់នោះ ។ ខណៈជិះប្រដេញគ្នាមកដល់ចំណុចកើតហេតុ យុវជនទាំង៣នាក់ដែលជិះម៉ូតូមួយគ្រឿងរួមគ្នានោះ បានព្យាយាមបើកម៉ូតូយ៉ាងលឿនដើម្បីគេចខ្លួនពីការប្រដេញតាមពីសំណាក់ក្រុមក្មេងស្ទាវដែលជិះម៉ូតូដេញតាមពីក្រោយម៉ូតូរបស់ពួកគេ ខណៈបើកកំពុងលឿនក៏ជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងម៉ាកRaize ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ 2BQ-5005 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង រួចម៉ូតូក្មេងស្ទាវមួយគ្រឿងទៀតក៏ជ្រុលមកបុកពីក្រោយពេញទំហឹងទៀត បណ្តាលឱ្យយុវជនទាំង៣នាក់នោះស្លាប់ម្នាក់និង របួសធ្ងន់២នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្តនិងក្រុមក្មេងស្ទាវទាំងនោះ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក បានចុះមកដល់ចំណុចកើតហេត រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទូកនៅការិយាល័យចរាចរណ៍ផ្លូវគោកជាបណ្តោះអាសន្ន និងធ្វើលិខិតប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកក្រុមក្មេងស្ទាវបង្កហេតុកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖