ភ្នំពេញ ៖ រថយន្តម៉ាក Ford Ranger មួយគ្រឿងបានបុកជាមួយនឹងរថយន្ត Mercedes មួយគ្រឿងទៀតយ៉ាងពេញទំហឹង ពេលនោះស្រាប់តែមានអ្នកបើករថយន្តមួយគ្រឿងផ្សេងទៀតបានចុះ មកបាញ់ប្រហាទៅលើខាងរថយន្ត Mercedes បណ្តាលឱ្យមានអ្នករបួស ធ្ងន់ម្នាក់ និងស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើល ដល់អាជ្ញាធរមូលដ្ឋានកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិក្រពេីទ្រោម សង្កាត់រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ជាជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ខណៈស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យ លោកសង្ឃ ។ ដោយឡែក ជនជាតិចិនម្នាក់ទៀតរងរបួសភ្លៅខាង ឆ្វេង ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាក Mercedes C550 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 ជិះគ្នា៣នាក់ ជនជាតិចិន ២នាក់ និងខ្មែរម្នាក់ ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពី លិចទៅកេីត លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់តែមានបុរសមួយក្រុមទៀតបានបេីករថយន្ត ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV- 5779 បានធ្វេីដំណើរក្នុងទិសដៅ បញ្ច្រាសទិសគ្នា ហេីយរេចង្កូតទៅបុករថយន្ត Mercedes យ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាត រួចស្រាប់តែ មានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌ស មិនចាំផ្លាកលេខ បានបេីក មកពីក្រោយ រថយន្ត Mercedes ក៍បានដកកាំភ្លើងវែងខ្លីបាញ់ប្រហាទៅលើខាង រថយន្ត Mercedes បណ្តាលឱ្យមាន អ្នករងរបួសធ្ងន់២នាក់ ក្នុងនោះមានខ្មែរម្នាក់ និងជនជាតិចិនម្នាក់ ហើយក្រុមខ្មាន់ កាំភ្លើងទាំងនោះបានចាប់បុរសជនជាតិ ចិនម្នាក់ដាក់ចូលក្នុងរថយន្តបេីកគេច ចេញទៅបាត់តែម្តង ។
ក្រោយទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះ ទៅកន្លែងកេីតហេតុក៏ប្រទះឃើញបុរស ២នាក់កំពុងរងរបួសដោយសារគ្រាប់ កាំភ្លើង ក៏ទាក់ទងហៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យលោក សង្ឃ ដែលពេលទៅដល់មន្ទីរពេទ្យបុរស ជាជនជាតិខ្មែរបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ដោយនៅសល់តែបុរស ជនជាតិចិនម្នាក់រងរបួសភ្លៅខាងឆ្វេង ត្រូវ បានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ។
ពាក់ព័ន្ធនឹងករណីខាងលេី ក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន បានសាកសួរទៅលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កា តាមប្រព័ន្ធតេឡេក្រាមដែរតែមិនមានការឆ្លេីយតប ។ តែបេីតាមប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ករណីនេះកម្លាំងជំនាញនៅបន្តស្រាវជ្រាវដេីម្បីឱ្យដឹងថា ជាករណីអ្វីឲ្យពិតប្រាកដ នឹងជម្រាបជូនមហាជនឲ្យដឹងតាមក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ