ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា វេទិកាសាធារណៈនៅឃុំត្រស់ ស្រុករមាសហែក ឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមាន នៅក្នុងមូលដ្ឋានស្នើអោយអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមដោះស្រាយទាំងអស់គ្នា។
ថ្លែងទៅកាន់មន្រ្តី អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ក្នុងពិធីបើក វេទិកាសាធារណ: នៅក្នុងវត្តតាសួស ឃុំត្រស់ ស្រុករមាសហែក ធ្វើឡើង នាព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការនិមន្ត ចូលរួមពីសំណាក់ ពីព្រះគ្រូចៅអធិការវត្តតាសួស លោក សំ សំអុល អធិការនគរបាលស្រុក លោក ប៉ែនខុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកតំណាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុក លោកស្រីមន្ត្រី ការិយាល័យ សុខាភិបាលស្រុក លោកស្រីមេឃុំលោកមេប៉ុស្តិ៍និងអាជ្ញាធរឃុំបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៣១២នាក់ ស្រី២១៤នាក់។
បន្ទាប់ពី លោក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានលើកឡើង ស្ដីពីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចយ៉ាងក្បោះក្បាយដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការិយាល័យជំនាញ បានឡើងបកស្រាយរួច។
លោក អភិបាលស្រុក បានផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេច កិត្តិសង្គហបណ្ឌិត ម៉ែនសំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកក៏ដូចជាលោក ប៉េងពោធ៏សា អភិបាលខេត្ត ស្វាយរៀងដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកវេទិកាសាធារណៈនាពេលនេះ។
លោកបាន បន្តថា វេទិកាដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសកម្មភាព របស់មន្រ្តីអាជ្ញាធរក្នុងមូលដ្ឋាន ពិសេសកាផ្តល់សេវាសាធារណៈបំរើជូនប្រជាពលរដ្ឋបានល្អប្រសើរ នឹងរកចំណុចអវិជ្ជមានដើម្បីធ្វើការដោះស្រាយ និងកែលម្អឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ស៊ូ ម៉ុល អភិបាលស្រុក បានលើកឡើងទៀតថា ការបើកវេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដូចនេះ រាល់វេទិកាសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក អភិបាលស្រុក ក៏បានប្រកាស ការគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។
សូមបញ្ជាក់ផងដែរថា នៅក្នុងវេទិកាសាធារណ:នេះបងប្អូន ប្រជាពលរដ្ឋបានលើកឡើង អំពីផលលំបាកទុក្ខកង្វល់ មួយចំនួន ខណៈត្រូវបានមន្រ្តីជំនាញ និង អាជ្ញាធរធ្វើការបកស្រាយពន្យល់ដល់ប្រជាពលរដ្ឋនិងចាត់ដល់មន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋាន ចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ផងដែរ៕
ដោយ៖ សុថាន