ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងពីបញ្ហាកសាងព្រំដែន ក៏នឹកពាក្យលោកបណ្ឌិត សុខ ទូច កាលលោកនៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយជាមួយគ្នាថា ៖ «ដើម្បីការពារព្រំដែនឱ្យរឹងមាំ យើងត្រូវតែធ្វើផ្លូវព័ទ្ធជុំវិញព្រំដែនយើង ដែលមានពហុគោលបំណង ជាផ្លូវល្បាតព្រំដែន ផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋ បម្រើវិស័យទេសចរណ៍ លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន»!
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅថ្ងៃនេះ បានសំណេរថា ៖ ខ្ញុំនិងក្រុមគ្រួសារបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបន្តិចបន្តួចតាមលទ្ធភាព។
លោកបណ្ឌិតបានលើកឡើងថា ៖ នៅពេលរាជរដ្ឋាភិបាលប្រកាសបង្កើតមូលនិធិនេះ ខ្ញុំនិងក្រុមគ្រួសារពិតជាមានសេចក្តីសប្បាយរីករាយនិងចូលរួមចំណែកតាមលទ្ធភាព។
លោកថា ៖ ការបង្កើតមូលនិធិនេះបានធ្វើឱ្យខ្ញុំនឹកឃើញប្រសាសន៍របស់លោកគ្រូរបស់ខ្ញុំគឺ បណ្ឌិតសភាចារ្យ សុខ ទូច នៅពេលដែលខ្ញុំកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយជាមួយគាត់ នៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០១-២០០៣ គាត់តែងមានប្រសាសន៍ថា ដើម្បីការពារព្រំដែនឱ្យរឹងមាំ យើងត្រូវតែធ្វើផ្លូវព័ទ្ធជុំវិញព្រំដែនយើង ដែលមានពហុគោលបំណង ជាផ្លូវល្បាតព្រំដែន ផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋ បម្រើវិស័យទេសចរណ៍ លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងបិទបញ្ចប់ភាពអាថ៌កំបាងនៃសំណុំរឿងព្រំដែន។ នៅឆ្នាំ២០១៥ ខ្ញុំបានចូលរួមក្នុងគម្រោងស្រាវជ្រាវព្រំដែនក្រោមការដឹកនាំរបស់គាត់ដែលផ្តល់ឱកាសឱ្យខ្ញុំបានធ្វើដំណើរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមជាច្រើនខេត្ត, បានធ្វើឱ្យខ្ញុំមើលឃើញកាន់តែច្បាស់ពីភាពចាំបាច់នេះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ថា ៖ ឥឡូវនេះ បងប្អូនខ្មែរអ្នកស្នេហាជាតិទាំងឡាយ ដែលស្រឡាញ់ទឹកដី ព្រៃភ្នំ ព្រំដែន និងធនធានធម្មជាតិខ្មែរយើង សូមបងប្អូនចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា ដើម្បីបង្ហាញពីមហាសាមគ្គីជាតិយើង។
លោកបណ្ឌិតថា ៖ ខ្ញុំសង្ឃឹមថា ទន្ទឹមគ្នានឹងការអភិវឌ្ឍព្រំដែន រាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍសមត្ថភាពកងទ័ពការពារព្រំដែនរបស់យើង ដោយឱ្យពួកគាត់ឈរជើងនៅជួរមុខជាប់បន្ទាត់ព្រំដែន (មិនមែនកម្លាំងជួរទី២ដូចបច្ចុប្បន្ន) និងបន្តធ្វើទំនើបកម្មវិស័យការពារជាតិយើងឱ្យកាន់តែរឹងមាំ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីយើង៕
ដោយ ៖ សិលា