ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ដបាត់ដំបង៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា បេសកកម្មនេះ មានគោលបំណង ដើម្បីពិនិត្យជាក់ស្តែងនូវជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រគ្រប់ប្រភេទ ព្រមទាំងរថយន្តធុនធំ ដែលស្ថិតក្នុងមន្ទីរធនធានទឹក និងឧតុនិយមផ្ទាល់ ហើយើលោកបានណែនាំបន្ថែមដល់លោកអនុ ប្រធានក្តាប់រួម ត្រូវរៀបចំទីធ្លាក្នុងមន្ទីរឱ្យមានរបៀបរៀបរយ ព្រមទាំងពិនិត្យ និងថែទាំជាប្រចាំនូវរាល់ គ្រឿងចក្រ និងរថយន្តធុនធំទាំងអស់នោះ ដើម្បីត្រៀមសម្រាប់ការងារអន្តរាគមន៍ផ្សេងៗដែលអាចកើត មានជាយថាហេតុ។

នារសៀលថ្ងៃដដែល ក្រុមការងារបានបន្តចុះពិនិត្យសកម្មភាពគ្រឿងចក្រ ដែលក្រុមការងារមន្ទីរធនធាន ទឹក និងឧតុនិយមខេត្ត កំពុងកាយរំលាយទំនប់ដែលបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង ធនធានទឹក និងឧតុនិយម នៅក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងនិងការងារជួសជុលជើងទេរប្រឡាយបេតុងអូរដូនពៅ ដែលរងការបាក់ស្រុតចំនួន៣កន្លែង ប្រវែង ៤៥០៕

ដោយ ៖ សិលា


ចែករំលែក៖