សារព័ត៌មាន AFP បានផ្សាយថាព្យុះទីហ្វុង Shanshan បានវាយប្រហារលើកោះ Kyushu ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ ខណៈ អាជ្ញាធរបានចេញសេចក្ដីណែនាំឱ្យប្រជាជនជម្លៀសខ្លួន និងប្រកាសភាពអាសន្នកម្រិតខ្ពស់។ការិយាល័យឧតុនិយមជប៉ុន បាននិយាយថា Shanshan ដែលព្យុះទីហ្វុងដ៏កំណាចបំផុតមួយនៅក្នុងឆ្នាំនេះ បានបក់បោកដល់តំបន់ដីគោក នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃព្រហស្បតិ៍ ជាមួយល្បឿនខ្យល់បក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ និយ័តករអគ្គិសនីនៃកោះ Kyushu ក៏បានឱ្យដឹងដែរថាផ្ទះ ២៥៤ ៦១០ខ្នង កំពុង គ្មានអគ្គិសនីប្រើប្រាស់។
លើសពីនេះទៅទៀត អាជ្ញាធរឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជនក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះមុខគ្រោះថ្នាក់ដែលអាចនឹងកើតមានដូចជា ខ្យល់បក់ខ្លាំង គ្រោះទឹកជំនន់ និងរអិលបាក់ដី។
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង Shanshan បានវាយប្រហារលើផ្នែកមួយភាគធំនៃប្រទេសជប៉ុន ចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ ហើយ បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo មនុស្ស ៣នាក់ ជាសមាជិកក្នុងគ្រួសារតែមួយបានស្លាប់ ក្រោយការរអិលបាក់ដីបានសង្កត់កប់ផ្ទះរបស់ពួកគេ នៅក្នុង ទីក្រុង Gamagori ខេត្ត Aichi៕ ដោយ៖ ធីរីណា
រូបថត៖ Reuters