ភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការងារត្រៀមរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូល រួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
មុនឈានចូលដល់កិច្ចពិភាក្សា អង្គភាពជំនាញបានរាយការណ៍ជូនអង្គប្រជុំទាំងមូល អំពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដែលក្នុងនោះរួមមាន ៖ (១). ស្ថានភាពមណ្ឌលបេក្ខជនប្រឡង មណ្ឌលប្រឡង និងបន្ទប់ប្រឡង៖ចំនួនមណ្ឌល កំណែ និងទីតាំងមណ្ឌលកំណែ, ទីតាំងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងប្រកាសលទ្ធផលប្រឡង និងទីតាំងមណ្ឌលផ្ទៀងផ្ទាត់ពិន្ទុ (២). វឌ្ឍនភាពសំខាន់ៗ ៖ គោលការណ៍ប្រឡង និងនីតិវិធីប្រឡង, ការផលិតបញ្ជីឈ្មោះបេក្ខជន និងសលាកបត្រឯកត្តជន, ការកំណត់មណ្ឌលប្រឡងនិងទីតាំងសម្រាប់បំពេញការងារប្រឡង, ការរៀបចំការផលិតនិងគ្រប់គ្រងប្រធានវិញ្ញាសាប្រឡង, ការរៀបចំគណៈមេប្រយោគ និងគណៈកម្មការនានា, ការទំនាក់ទំនងអន្តរក្រសួង ស្ថាប័ន, សម្ភារៈបិរក្ខារ និងថវិកាប្រឡង (៣). កិច្ចការបន្តដែលគ្រោងនឹងអនុវត្តបញ្ចប់ និង (៤).ការត្រៀមលក្ខណៈសម្រាប់ដំណើរការកំណែ។
ដើម្បីជំរុញប្រសិទ្ធភាពការងារនិងធានាឱ្យដំណើរ ការប្រឡងប្រកបដោយភាពរលូន សុក្រឹតភាព យុត្តិធម៌ និងតម្លាភាពស្របតាមគោលការណ៍“អ្នកចេះគឺជាប់”បណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ មួយ ចំនួនជូនក្រុមការងារជំនាញដើម្បីអនុវត្តបន្តដូចជា ៖ សូមឱ្យនាយកដ្ឋានជំនាញរៀបចំការងារ ដោយឈរលើមូលដ្ឋានវិភាគបញ្ហាដែលធ្លាប់បានកើតឡើងកាលពីឆ្នាំកន្លងមក ដើម្បីដាក់ចេញនូវវិធានការឆ្លើយតប បង្ការ និងទប់ស្កាត់បញ្ហាឱ្យមានប្រសិទ្ធភាពខ្ពស់,សូមឱ្យផ្តោតបន្ថែមការយកចិត្តទុកដាក់លើដំណើរការនៃការកែដោយ ត្រូវរៀបចំឱ្យច្បាស់ការដឹងពីអត្តសញ្ញាណអ្នកកែវិញ្ញាសា នីមួយៗ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់ ក៏ដូចជាងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍ បើពិនិត្យឃើញថាមានកំហុសឆ្គងដោយប្រការណាមួយ នឹងអាចរកឃើញអ្នកដែលត្រូវទទួលខុសត្រូវតាមផ្លូវ
ច្បាប,ត្រូវពង្រឹងគោលការណ៍អ្នកកែទី១ និងទី២ ដើម្បីឱ្យមានការផ្ទៀងផ្ទាត់ និងធានាសុក្រឹតភាព និងត្រូវមានអ្នកទទួលខុសត្រូវនៅក្នុងថ្នាក់ និងទទួលខុសត្រូវលើសន្លឹកឯកសារ, ត្រូវធ្វើវិសោធនកម្មលើសេចក្តីណែនាំបើចាំបាច់ បើមានការធ្វេសប្រហែសខុសពីលទ្ធផលជាក់ស្តែងលើសន្លឹកកិច្ចការសិស្ស ត្រូវមានអ្នកទទួលខុសត្រូវចំពោះមុខច្បាប់,សូមឱ្យមានយន្តការពិនិត្យសលាកបត្រ ២ដង ដើម្បីបង្ការបញ្ហា, សូមពង្រឹងសមត្ថភាពអប្បមាទថ្មី ឱ្យមានលក្ខណៈពេញលេញ និងត្រូវទុកអ្នកចាស់ដែលមានបទពិសោធន៍នៅតាមមណ្ឌលប្រឡងធំៗ។
ឆ្លើយតបនឹងការធ្លាក់ចុះនៃអត្រាសិស្សប្រឡងថ្នាក់វិទ្យាសាស្ត្រប្រៀបធៀបនឹងឆ្នាំមុន និងការកើនឡើងនៃអត្រាសិស្សប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមការងារជំនាញ ពិនិត្យឡើងវិញនូវការកំណត់លក្ខណវិនិច្ឆ័យបេក្ខជនដែលរៀនថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដើម្បីលើកកម្ពស់ការសិក្សាស្ទែម និងពង្រឹងសមត្ថភាពសិស្សថ្នាក់វិទ្យាសាស្ត្រឱ្យច្បាស់ពីមូលដ្ឋានគ្រឹះ៕
ដោយ៖ សូរិយា