ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាល០៣នាក់ ខណៈឡំប្រឺតាមួយគ្រឿងបេីកលឿនពេកគេចពីរថយន្ដជ្រុទៅបុកបង្កាន់ដៃគល់ស្ពានអាកាសផ្សារដីហុយពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតា មួយគ្រឿង ខណៈដឹកអ្នកដំណេីរពីរទៀតយ៉ាងលឿន រួចគេចពីរថយន្ដក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃគល់ស្ពានអាកាសផ្សារដីហុយបណ្ដាលកៀបជាប់ម្ចាស់ឡំប្រឺតា និងភ្ញៀវ២នាក់ទៀត ម្នាក់របួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល ដោយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំនុចមុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បានបើកឡំប្រឺតាមួយគ្រឿង ពណ៌ស លាយខ្មៅនិងក្រហម ពាក់ផ្លាកលេខព្រៃវែង1Y.9985 បានឌុបភ្ញៀវជាអ្នកដំណេីរប្រុសស្រី២នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះពេលធ្វើដំណើរដល់ចំនុចកើតហេតុក៏មានរថយន្ដមិនចាំម៉ាកមួយគ្រឿងបើកវ៉ាជែងចំពីមុខ ធ្វេីឲ្យអ្នកបេីកឡំប្រឺតា ព្យាយាមបើកគេចក៏ទៅបុកបង្កាន់ដៃគល់ស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យឡំប្រឺតាគៀបជាប់ម្ចាស់ ម្នាក់របួសធ្ងន់ និងភ្ញៀវដែលរួមដំណើរ២នាក់ទៀត ម្នាក់របួសធ្ងន់ ម្នាក់របួសស្រាល ដោយឡំប្រឺតាវិញរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ និងធ្វើឲ្យខូចខាតបង្កាន់ដៃគល់ស្ពានអាកាស និងបង្គោលភ្លើងសឡា១ដើមវៀចផងដែរ ។

ក្រោយកេីតហេតុភ្លាមៗ គេឃេីញមានខាងសមាគមកង់បីបានចេញមកជួយគាស់មនុស្សចេញពីក្នុងឡំប្រឺតា និងមនុស្សយកទៅសង្គ្រោះឯមន្ទីរពេទ្យឯកជនដែលនៅជិតទីតាំងកេីតហេតុ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះមកដល់ចំនុចកើតហេតុ និងបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយកឡំប្រឺតាខាងលេីទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំម្ចាស់ជាសះស្បេីយចូលមកដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖