ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបដិសេធ របស់អ្នកនាំពាក្យរដ្ឋសភា ចំពោះបុគ្គលិក និងស្ថាប័នមួយចំនួន ដែលបានធ្វើការឃោសនា បង្កាច់បង្ខូច ភូតកុហកជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីបដិសេធ អ្នកនាំពាក្យរដ្ឋសភាចំពោះសេចក្តីថ្លែងការណ៍ គ្មានការពិត បោកប្រាស់ភូតកុហក មតិសាធារណជន របស់អង្គការស្ថាប័នមួយចំនួន ។

អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសង្កេតឃើញថា មួយរយៈនេះមានបុគ្គលិកនិងស្ថាប័ន មួយចំនួន ដែលបានតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជា បន្តបន្ទាប់ពាក់ព័ន្ធវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើក្រុមជ្រុលនិយម ដែលកំពុងអនុវត្ត ឧបាយកលដ៏ឧក្រិដ្ឋតាមរយៈការឃោសនា បង្កាច់បង្អួច ភូតកុហកជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយញុះញង់ឱ្យធ្វើសកម្មភាពមហាជនសំដៅបង្កើតឱ្យមាន អស្ថិរភាពក្នុងសង្គម តាមរយៈបាតុកម្មផ្សេងៗ។ ពួកឧក្រិដ្ឋជនទាំងនេះ បានថែមទាំងជំរុញជាចំហឱ្យឈានទៅ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងទៀតផង។

ការប្រកាសគាំទ្រដល់សកម្មភាពរបស់ពួកឧក្រិដ្ឋជនជ្រុលនិយម ដែលកើតចេញពីការញុះញង់ដោយយក មូលហេតុផ្ទុយពីការពិតដូចនេះ គឺជាអំពើអសីលធម៌របស់ស្ថាប័ន ដែលអួតថាខ្លួនការពារសិទ្ធិមនុស្សទាំងនោះ ហើយក៏ជាប្រការមួយ ដែលយើងពុំអាចទទួលយកបានទេ។

រាល់សកម្មភាពទាំងឡាយ ដែលកើតចេញពីការញុះញង់ មូលបង្កាច់ កាឡៃការពិត សំដៅប្រឆាំងរាជរដ្ឋា ភិបាលស្របច្បាប់ មិនមែនជាការបញ្ចេញមតិនោះឡើយ។ ផ្ទុយទៅវិញជាបទល្មើសជាក់ស្តែង ដែលអាជ្ញាធរត្រូវ តែចាត់វិធានការការពារ ទប់ស្កាត់ ដើម្បីធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនៅក្នុងសង្គម ពិសេសការពារ រាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ មោះមុត នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងនៅទីក្រុងនិងជនបទ។

កិច្ចសហប្រតិបត្តិការ CLV-DTA ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងមាន ឡាវនិងវៀតណាម ដើម្បីកសាងបន្ទាត់ព្រំដែន ជាព្រំដែន សន្តិភាពនិងអភិឌ្ឍន៍ ឈរលើគោលការណ៍ ការគោរពនូវឯករាជ្យភាពនិងអធិបតេយ្យជាតិទៅវិញទៅមក គឺជា យន្តការមួយ ដែលបណ្តាប្រទេសជាច្រើនបានយកមកអនុវត្ត។

អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះ ទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មាន ភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងសូមស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច បន្តចាត់វិធានការឱ្យបានតឹងរឹងបំផុតតាមផ្លូវច្បាប់ ដើម្បីថែរក្សា ការពារសុខសន្តិភាព ជាពិសេស បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការបន្តបេសកកម្មដ៏ឧត្តុងឧត្តមបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ៕ 

ដោយ ៖ សិលា


ចែករំលែក៖