សារព័ត៌មាន Reuters បានផ្សាយថាចិនបានជំរុញឱ្យសហភាពអឺរ៉ុប ប្រកាន់ខ្ជាប់ភាពយុត្តិធម៌ និងមិនលម្អៀង ព្រមទាំងប្រយ័ត្នសម្ដី និងសកម្មភាព ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក្រោយ ប្លុកអឺរ៉ុបមួយនេះបានធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុមួយរវាងចិន និងហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់បេសកកម្មចិនប្រចាំទ្វីបអឺរ៉ុប ទីក្រុងប៉េកាំង បាននិយាយថាខ្លួនមិនសប្បាយចិត្តទាល់តែសោះចំពោះការចោទប្រកាន់របស់សហភាពអឺរ៉ុប ប្រឆាំងនឹងចិន លើបញ្ហាសមុទ្រចិនខាងត្បូង។ តាមបេសកកម្មចិន សហភាពអឺរ៉ុបមិនមែនជាភាគីក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយក៏គ្មានសិទ្ធិចោទប្រកាន់អ្នកនេះ ឬអ្នកនោះ លើបញ្ហានេះនោះដែរ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដែរថាការបំផ្លើសបំប៉ោងម្ដងហើយម្ដងទៀតរបស់សហភាពអឺរ៉ុបពីសេរីភាពនៃការធ្វើនាវាចរណ៍ មិនបានផ្ដល់ផលចំណេញអ្វីដល់ប្រយោជន៍របស់សហភាពអឺរ៉ុប និងការជឿទុកចិត្តពីអន្តរជាតិនោះឡើយ។
ចិន និងហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញហេតុការណ៍ការបុកទង្គិចគ្នារវាងនាវា និងនាវាឆ្មាំសមុទ្រនៃប្រទេសទាំង២ នៅដែនទឹកមានជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង។ ការបុកទង្គិចគ្នានេះ បានកើតឡើងនៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal ហើយក៏ជាការប្រឈមមុខដាក់គ្នា លើកទី៥ ផងដែរ ក្នុងរយៈពេលមួយខែមកនេះ៕
ដោយ៖ ធីរីណា(រូបថត៖ AFP)