ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពុនទី១បានរួចរាល់១ខ្សែនិង ៣ខ្សែទៀតកំពុងអនុវត្ត

ចែករំលែក៖

ភ្នំពេញ៖ មន្រ្ដីជំនាញ នៅរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពុនទី១ បានរួចរាល់១ខ្សែផ្លូវលេខ108 BTមានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនា កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ  បានឱ្យដឹងនៅថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០២៤នេះថា ៖ សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែហើយ១ខ្សែលើកំណាត់ផ្លូវ108 BTមានទំហំ៤ម៉ែត្រx២ ម៉ែត្រ ប្រវែងជិត២០០ម៉ែត្ររួចរាល់ទាំងស្រុងហើយក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។

   លោកបានបន្ដថា៖ ផ្លូវលេខ108 BTបានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ១០៨ដដែលនេះក្នុងរយះពេល១ខែកន្លះទៀត។ ការងារដាក់លូនិងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plantsដែលជាគម្រោងរបស់ថ្នាក់ជាតិ។ គម្រោង រំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល៥ឆ្នាំ មានចំនួន៥០ គម្រោង ចំពោះគម្រោង ដែលត្រូវអនុវត្តមានចំនួន២៣ គម្រោង ។ កម្រោងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ108 BT ទំហំ៤ម៉ែត្រx២ ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។

     សូមបញ្ជាក់ថាឯកឧត្ដម ឃួង ស្រេងកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង ១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី៕  

ដោយ ៖ សំរិត


ចែករំលែក៖