ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប សូមបបំភ្លឺ អំពីករណីក្មេងពីរនាក់ដែលបានឪពុកម្តាយមានជីវភាពក្រីក្រខ្វះខាតស្លាប់ចោលមានទីតាំងស្ថិតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានបណ្តាញសង្គម Facebook មួយចំនួនបានបង្ហោះ អំពីជីវិតដ៏សង្វែករបស់ក្មេងស្រី និងប្អូនប្រុស ដែលបានឪពុកម្តាយមានជីវភាពក្រីក្រខ្វះខាតស្លាប់ចោល មានទីតាំងស្ថិតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ចំពោះករណីខាងលើក្រុមការងារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប អាជ្ញាធរស្រុក អនុសាខាកាកបាទ ក្រហមស្រុក និងអាជ្ញាធរឃុំ រួមទាំងលោកមេភូមិប្រាសាទចារ្យ បានចុះសួរសុខទុក្ខជាមួយកុមារីអាយុ ១២ឆ្នាំ និងកុមារ៉ាអាយុ៨ឆ្នាំ ដែលកុមារទាំងពីររូប សព្វថ្ងៃរស់នៅជាមួយម្តាយមីងអាយុ ២៧ឆ្នាំ ជាលើក ទី២ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រួចមកហើយ។ ជាមួយគ្នានេះ ករណីគួរឱ្យសង្វែកលើកុមារទាំង ពីររូប បានកើតឡើងដោយសារឪពុកបានធ្វើអត្តឃាតកំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយម្តាយក៏បានធ្វើ អត្តឃាតតាមក្រោយ នៅថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបន្សល់ទុកកូនៗឱ្យរស់នៅជាមួយជូន រហូតដល់ទទួលអណិជ្ជកម្មដោយសារជរាពាធនៅថ្ងៃ១៦ ខែឧសភា ២០២៤។

ក្រោយពីទទួលបានដំណឹងនាពេលនោះ ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធដទៃទៀត បានចុះទៅសួរសុខទុក្ខប្រាស្រ័យ ទាក់ទង និងបានព្យាយាមសម្របសម្រួលដើម្បីបញ្ជូនកុមារកំព្រាទាំងពីររូបខាងលើទៅរស់នៅក្នុង មណ្ឌលកុមារកំព្រាតាមរយៈអង្គការដៃគូម្តងទៀត ប៉ុន្តែត្រូវកុមារទាំងពីររូបបដិសេដមិនព្រមទៅរស់នៅ ក្នុងមណ្ឌលកុមារកំព្រា ដោយចង់រស់នៅជាមួយម្តាយមីង និងទីកន្លែងកំណើត។ លើសពីនេះ ក្រុមការងារ និងអង្គការដៃគូរក៏បានផ្តល់នូវថវិកាចំនួន១,២០០ដុល្លារ កង់១គ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅសាលារៀន និងគ្រឿងឧបភោគបរិភោគជារៀងរាល់ក្នុងមួយត្រីមាសម្តង រួមទាំងបានដាក់ពាក្យ ស្នើសុំ រៀបចំជួសជុលផ្ទះចាស់ ឱ្យមានសភាពប្រសើរឡើងវិញទៅកាន់អាជ្ញាធរជាតិអប្សរាផងដែរ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖