ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកអន្តោប្រវេសន៍​ បង្ហាញពីការប្រេីប្រាស់ Cambodia e-Arrival ដែលទេីបហ្នឹងដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​ និងអំពាវនាវដល់បណ្តាស្ថានទូត និងស្ថានកុងស៊ុល ទាំងអស់ជួយចូលរួមផ្សព្វផ្សាយបន្ថែម

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃចន្ទ​ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានរៀបចំកម្មវិធី Immigration Tea Talk ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីបណ្តាតំណាងស្ថានទូត ស្ថានកុងស៊ុល ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍។

កម្មវិធីនេះបានផ្តោតសំខាន់ទៅលើការពង្រីកចំណងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបណ្តាស្ថានទូត ស្ថានកុងស៊ុលក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍ទាំងងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្សព្វផ្សាយលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ដែលហៅថា Cambodia e-Arrival  និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារពាក់ព័ន្ធនឹងផែនអន្តោប្រវេសន៍ ទេសន្តរប្រវេសន៍ និងជនភៀសខ្លួន ការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ទាំងក្នុង និងក្រៅតំបន់អាស៊ាន ជាមួយអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស។ 

ក្នុងនោះដែរលោកអគ្គនាយកបានបង្ហាញពីការប្រេីប្រាស់ Cambodia e-Arrival ដែលទេីបហ្នឹងដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា នេះ និងសុំអំពាវនាវដល់បណ្តាស្ថានទូត និងស្ថានកុងស៊ុល អាកាសចរណ៍ស៊ីវិល ព្រមទាំងក្រមហ៊ុន ទេសចរណ៍ និងភ្នាក់ទេសចរណ៍ ទាំងអស់ជួយចូលរួមផ្សព្វផ្សាយ បន្ថែមផងដែរ។ 

បន្ថែមពីលើនេះផងដែរ កម្មវិធីបានរៀបចំប្រកបទៅដោយភាពស្និទ្ធស្នាល និងបានផ្លាស់ប្តូរនូវបទពិសោធន៍ការងារអន្តោប្រវេសន៍ ដែលសកម្មភាពទាំងនេះបានសបញ្ជាក់នូវលទ្ធផលយ៉ាងវិជ្ជមាន ជាពិសេសអាចអនុញ្ញាតឲ្យគ្រប់បណ្តាស្ថានទូត និងស្ថានកុងស៊ុលជ្រាបបន្ថែមអំពីកិច្ចការងារក្នុងដែនវិសាលភាព នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការផ្សព្វផ្សាយលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទើបតែបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះវត្តមាន គ្រប់បណ្តាតំណាងស្ថានទូត និងស្ថានកុងស៊ុល ទាំងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនាពេលនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តទទួលបានលទ្ធផលយ៉ាងវិជ្ជមានជាបន្តបន្ទាប់៕

ដោយ​៖ តារា​


ចែករំលែក៖