សារព័ត៌មាន Reuters បានផ្សាយថាអភិបាលតំបន់និយាយថា សាលាមតេ្តយ្យមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុងទីក្រុងនៃតំបន់ Belgorod ដែលស្ថិតនៅព្រំដែនជាមួយអ៊ុយក្រែន ខណៈដែលថ្នាក់រៀនខ្លះត្រូវផ្អាកភ្លាមៗ បន្ទាប់ពីមានការវាយប្រហារបំផ្លាញកន្លែងថែទាំកុមារ នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានបញ្ជាក់ថា «ព្រឹកនេះនៅ Belgorod ការសិក្សានៅថ្នាក់រៀនមួយចំនួន ត្រូវផ្អាកហើយកំណត់ថានឹងបើកឡើងវិញបន្ទាប់ពីវិស្សមកាលរដូវក្តៅ។ សាលាមតេ្តយ្យមួយក្នុងទីក្រុងនៃតំបន់ បានរងការបំផ្លាញស្ទើរតែទាំងស្រុង»។ លោក Gladkov បានឱ្យដឹងទៀតថា បន្ទាប់ពីការវាយប្រហារ អាជ្ញាធរសម្រេចចិត្តថា នឹងដាក់ឱ្យសាលានានានៅក្នុងស្រុកធំជាងគេនៃតំបន់ គឺ Kharkovskaya Gora បង្រៀនតាមអនឡាញ ខណៈសាលាមតេ្តយ្យផ្សេងទៀត ត្រូវបិទរយៈពេល ១សប្តាហ៍។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ខាងលើនេះ បានដោយឯករាជ្យនោះទេ ខណៈដែលភាគីទាំងពីរ តែងតែបដិសេធកំណត់គោលដៅលើជនស៉ីវិល ក្នុងសង្គ្រាមរយៈពេលជិត ៣ឆ្នាំ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)