ភ្នំពេញ ៖ នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា លោក ថា យ៉ាវ សមាជិកគណ:កម្មការទី៥ នៃរដ្ឋសភា និងលោក ឈឹម ឃឿន អគ្គនាយករងទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចដំណើរអញ្ជើញដល់របស់គណៈប្រតិភូសភាតំណាងប្រជាជនចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយ លោកស្រី ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
តាមកម្មវិធីគ្រោងទុក គណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយគណ:កម្មការទី២ គណ:កម្មការទី៣ គណ:កម្មការទី៥ គណ:កម្មការទី៩ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ៕
ដោយ ៖ សិលា