ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា បានបញ្ជាក់ថា បង្គោលភ្លើងអគ្គិសនីដ៏ច្រើនបានបង្កបញ្ហាស្ទះមុខទឹកក្នុងតំបន់ប្រតិបត្តិការគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្តតំបន់សាក់សំពៅ តំបន់ជើងឯក តំបន់ពងទឹក តំបន់ទួលពង្រ តំបន់វត្តស្លែង តំបន់ព្រៃវែង តំបន់ព្រៃស តំបន់អូរខ្សាច់ តំបន់តាមោក តំបន់ព្រែកព្នៅ និងតំបន់ពាមសត្ថា។
ការលើកឡើងបែបនេះរបស់លោករដ្ឋលេខាធិការរូបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាបង្គោលភ្លើងអគ្គិសនី ដែលស្ថិតនៅក្នុងតំបន់អនុវត្តគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប។
លោករដ្ឋលេខាធិការរូបនេះ ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួងរ៉ែ និងថាមពល ជាពិសេសកិច្ចសហការពីអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីដំណើរការដកបង្គោលភ្លើងទាំងអស់ឱ្យបានឆាប់ ចេញពីមុខទឹកនៅតាមបណ្តាភូមិសាស្រ្តខាងលើទៅដាក់នៅកន្លែងដែលសមស្រប ហើយមិនបង្កឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនី។
ជាការឆ្លើយតប ថ្នាក់ដឹកនាំអាជ្ញាធរអគ្គិសនីកម្ពុជាបានស្វាគមន៍ចំពោះកិច្ចសហការប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ជាមួយក្រសួងធនធានទឹក និងឧតុនិយម ហើយបានបញ្ជាក់ថាអាជ្ញាធរនឹងស្នើសុំទៅក្រសួងរ៉ែ និងថាមពលជាបន្ទាន់ ដើម្បីដំណើរការដកបង្គោលភ្លើងទាំងអស់ឱ្យបានឆាប់ចេញពីតំបន់គោលដៅរបស់គម្រោង៕
ដោយ៖ តារា