ព័ត៌មានទាន់ហេតុការណ៍៖

CDC៖​ ការធ្វើពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាពីការពឹងផ្អែកទាំងស្រុងទៅលើឧស្សាហកម្មអតិពលកម្ម សំដៅទាក់ទាញ និងចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co.. Ltd. កាលពីសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា៖ ការផលិតគ្រឿងម៉ាស៊ីន​ឧស្សាហកម្ម​, ការផ្តល់សេវាដំណោះស្រាយប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិត ផលិតផលសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិតបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក, ការផ្តល់សេវា បច្ចេកទេសវិស្វកម្មពាក់ព័ន្ធនឹងបរិស្ថាន, ការផលិតម៉ាស៊ីនសម្រាប់ដំណើរការវេចខ្ចប់, និងការផលិតអំពូល LED ។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក កាំង ឡេង ដែលបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគជាលើកទី២ មកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពី បរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។ លោកអគ្គលេខាធិការ​ បានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍- កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគ ប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ 

ជាកិច្ចបន្ទាប់ លោកអគ្គលេខាធិការ​ បានជូនវេទិកាទៅមន្ត្រីជំនាញធ្វើបទបង្ហាញស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជូនគណៈប្រតិភូ ដើម្បីផ្តល់ជូននូវព័ត៌មានពិស្តារអំពីបរិស្ថានវិនិយោគ ជាទូទៅរបបនៃការលើកទឹកចិត្តដ៏ទាក់ទាញ វិស័យអាទិភាព និងការធ្វើពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាពីការពឹងផ្អែកទាំងស្រុងទៅលើឧស្សាហកម្មអតិពលកម្ម សំដៅទាក់ទាញ និងចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

បន្ថែមលើការធ្វើបទបង្ហាញ លោកអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីកំណើនរំហូរវិនិយោគដ៏ គំហុកក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពី ការជឿជាក់យ៉ាងមុតមាំពីសំណាក់វិស័យឯកជនលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដោយបានបន្ត ដាក់ចេញនូវវិធានការគាំទ្រនានាជាបន្តបន្ទាប់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។

មានមតិក្នុងឱកាសនៃកិច្ចប្រជុំ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។ បន្ទាប់ពីបានស្តាប់ បទបង្ហាញ និងអនុសាសន៍ណែនាំរបស់លោកអគ្គលេខាធិការ សមាជិកគណៈប្រតិភូបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិស្ថានវិនិយោគដ៏អំណោយផលរបស់កម្ពុជាដោយបានលើកឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងវិនិយោគ និងបានបង្ហាញនូវជំហរវិជ្ជមានក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ជាកិច្ចបញ្ចប់ លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់សម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា​ ដើម្បីចាប់យកឱកាសអំណោយផលសម្រាប់ធ្វើធុរកិច្ច និងឆាប់ទទទួលបានផលចំណេញ៕

ដោយ​៖ តារា​


ចែករំលែក៖