ខេត្តក្រចេះ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីម្សិលមិញនេះ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់។
កម្លាំងចម្រុះទាំងនោះរួមមាន អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទនិងប្រជាការពារចំបក់ ប្ញស្សីកែវ បានប្រើប្រាស់ទូកចំនួន ៥គ្រឿង និងកម្លាំងសរុប ១៩នាក់។
វត្ថុតាងដែលរឹបអូសបាន រួមមាន៖ របាំងព្រួលសាច់រ៉ាវចំនួន ១៩ខ្សែ ប្រវែង ៩៥០ម៉ែត្រ ក្រឡាទំហំ៣-៥ស.ម លបរ៉ាវចំនួន១៩គ្រឿង ក្រឡាទំហំ៣-ស.ម របាំងព្រួលស្បៃមុងចំនួន ៣៦ខ្សែ ប្រវែង ១. ៦២០ម៉ែត្រ លូស្បៃមុងចំនួន ៣៦មាត់លូ និងបង្គោលចម្រឹងប្ញស្សីចំនួន ៧៨០ដើម។ វត្ថុតាងទាំងនោះ ត្រូវបានកម្លាំងចម្រុះបំផ្លាញចោល។ ចំណែកត្រីចម្រុះទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕
ដោយ៖ តារា