ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារកាណាសុីធីផ្ទុះការតវ៉ាខណៈប្រធានផ្សារឱ្យបុគ្គល១ក្រុមយកផ្លូវធ្វើកន្លែងផ្ញើរម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ អាជីវករផ្សារកាណាសុីធី ប្រមាណជិត១០០នាក់បានផ្ទុះការតវ៉ា កាលពីវេលាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈប្រធានផ្សារខាងលើឲ្យបុគ្គលមួយក្រុមយកផ្លូវធ្វើជាកន្លែងផ្ញើរម៉ូតូ បិទបាំងកន្លែងពួកគាត់លក់ដូរ និងបង្កឲ្យផ្លូវតូចចង្អៀតថែមទៀតផង ។

អាជីវករបាននិយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុមានបុគ្គល១ក្រុមនាំគ្នាយកបង្គោលទៅជីកដាំនៅលើផ្លូវបេតុងមុខផ្សារ ក្នុងបំណងចងខ្សែព័ទ្ធធ្វើកន្លែងផ្ញើរម៉ូតូយកលុយដាក់ហោប៉ៅ ដោយបិទបាំងកន្លែងកន្លែងពួកគាត់លក់ដូរទាំងស្រុង ។ ក្រោយពេលឃើញបែបនេះពួកគាត់បាននាំគ្នាសួរនាំ បុគ្គលទាំងនោះបានប្រាប់ថា លោកប្រធានផ្សារអនុញ្ញាតឲ្យបង្កើតទីនោះធ្វើជាទីតាំងផ្ញើរកង់ និងម៉ូតូ ។

អាជីវករបាននិយាយបន្តទៀតថា ដោយសារតែប្រយោជន៍បុគ្គលនិងប្រធានផ្សារ ហើយបង្កផលប៉ះពាល់ដល់ការរកសុីរបស់ពួកគាត់បែបនេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ានៅមុខការិយាល័យផ្សារខាងលើ ដើម្បីប្រឆាំងមិនឲ្យបង្កើតកន្លែងផ្ញើរម៉ូតូទីនោះឡើយ ។ ព្រោះសព្វថ្ងៃការលក់ដូរលំបាកខ្លាំងណាស់ មិនសូវដាច់ស្រាប់ផង ទំរាំតែធ្វើកន្លែងផ្ញើរម៉ូតូបាំងទៀត រឹតតែយ៉ាប់មិនខានឡើយ ដូច្នេះទើបពួកគាត់ត្រូវតែធ្វើការរារាំងជាដាច់ខាត ។

ក្រោយពេលប្រជាពលរដ្ឋធ្វើការតវ៉ា អាជ្ញាធរសង្កាត់ចោមចៅទី២ និងខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើអន្តរាគមន៍សម្របសម្រួលឲ្យ ហើយបុគ្គលទាំងនោះបានបញ្ឈប់សកម្មភាព និងធ្វើការការដកបង្គោលនោះចេញវិញហើយ ចំណែកអាជីវករក៏រំសាយនៅវេលាព្រឹកថ្ងៃដដែលនោះដែរ ៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖