ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានបើកសវនាការជាអសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខៈ៥២០ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាងរួច នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខៈ ៣៤(ឆ) ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានសម្រេចសេចក្តីដូចខាងក្រោម៖
១.ផ្តន្ទាទោសលើ
-ឈ្មោះធន់ ពុទ្ធិឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ(ឃុំខ្លួន), ឈ្មោះយន់ ចំរុង ភេទប្រុស អាយុ១៦ឆ្នាំ(ឃុំ ខ្លួន) និងឈ្មោះរ៉េត សុវណ្ណរាជ ភេទប្រុស អាយុ១៧ឆ្នាំ(ឃុំខ្លួន) ដាក់ពន្ធនាគារកំណត់ ២(ពីរ)ឆ្នាំ និង ៦ (ប្រាំមួយ)ខែ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២ ៥០០ ០០០ (ពីរលាន ប្រាំរយពាន់)រៀល។
-ឈ្មោះសេក រតនា ហៅចាវ ភេទប្រុស អាយុ១៩ឆ្នាំ(ឃុំខ្លួន) ដាក់ពន្ធនាគារកំណត់៥(ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន)រៀល។
ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
២.ផ្តន្ទាទោសលើឈ្មោះវង្ស ធារ៉ា ហៅក្តាម ភេទប្រុស អាយុ២០ឆ្នាំ(ឃុំខ្លួន) ដាក់ពន្ធនាគារកំណត់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន)រៀល ពីបទៈ ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕
ដោយ៖ តារា